តម្លៃប្រេងបានធ្លាក់ចុះនៅក្នុងការជួញដូរដំបូងនៅថ្ងៃសុក្រនេះសម្រាប់រយៈពេលបីថ្ងៃជាប់ៗគ្នា ខណៈអ្នកវិនិយោគរង់ចាំកិច្ចប្រជុំរបស់អង្គការOPECបូក នៅចុងសប្តាហ៍នេះ ដែលនឹងពិចារណាលើការដំឡើងទិន្នផលប្រេងបន្ថែមទៀត។
ប្រភពចំនួនពីរដែលដឹងពីការពិភាក្សាបានប្រាប់សារព័ត៌មានរ៉យទ័រថា សមាជិកចំនួន៨នៃអង្គការប្រទេសនាំចេញប្រេងនិងសម្ព័ន្ធមិត្តដូចជារុស្ស៊ីនៅក្នុងអង្គការ OPECបូក នឹងពិចារណាលើការបង្កើនផលិតកម្មបន្ថែមទៀតនៅក្នុងខែតុលានៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃអាទិត្យ។
ការជំរុញមួយផ្សេងទៀតនឹងមានន័យថា អង្គការOPECបូក ដែលបូមប្រេងប្រហែលពាក់កណ្តាលនៃពិភពលោកនឹងចាប់ផ្តើមកែប្រែស្រទាប់ទីពីរនៃការកាត់បន្ថយទិន្នផលប្រហែល១,៦៥លានបារ៉ែលក្នុងមួយថ្ងៃ ឬ១,៦ភាគរយនៃតម្រូវការពិភពលោក។
ទន្ទឹមនឹងនេះ ការស្តុកទុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានបង្ហាញការកើនឡើងដ៏ភ្ញាក់ផ្អើលចំនួន២,៤ លានបារ៉ែលកាលពីសប្តាហ៍មុន ខណៈរោងចក្រចម្រាញ់ប្រេងបានឈានចូលដល់រដូវកាលថែទាំ។
មន្ត្រីសេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់មេដឹកនាំអឺរ៉ុបថា អឺរ៉ុបត្រូវតែបញ្ឈប់ការទិញប្រេងពីរុស្ស៊ី។
ការកាត់បន្ថយណាមួយចំពោះការនាំចេញប្រេងឆៅរបស់រុស្ស៊ីអាចនឹងជំរុញឱ្យតម្លៃប្រេងពិភពលោកកើនឡើង៕

