បន្ទាប់ពីកិច្ចប្រជុំកំពូលនៃសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ កាលពីថ្ងៃព្រហស្បតិ៍ (៤ កញ្ញា) ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ប្រទេសចំនួន២៦ សន្យាផ្តល់ការធានាសន្តិសុខក្រោយសង្រ្គាមដល់អ៊ុយក្រែន ដែលនឹងរួមបញ្ចូលកងកម្លាំងអន្តរជាតិជើងគោក ផ្លូវទឹក និងនៅលើអាកាស។

លោក Macron បាននិយាយថា បណ្ដាមេដឹកនាំអឺរ៉ុប និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានធ្វើកិច្ចសន្ទនាតាមទូរសព្ទ ជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump បន្ទាប់ពីកិច្ចប្រជុំកំពូលមួយនោះ ហើយការរួមចំណែករបស់សហរដ្ឋអាមេរិកចំពោះការធានាសន្តិសុខ នឹងត្រូវសម្រេចបាននៅប៉ុន្មានថ្ងៃខាងមុខនេះ។ ដោយដោយឈរក្បែរលោក Zelenskiy លោក Macron បានប្រាប់សន្និសីទព័ត៌មានក្នុងទីក្រុងប៉ារីសថា "ថ្ងៃដែលជម្លោះបញ្ឈប់ ការធានាសុវត្ថិភាពនឹងត្រូវអនុវត្ត"។
កិច្ចប្រជុំកំពូលនៃមេដឹកនាំ ៣៥រូបមកពី "សម្ព័ន្ធឆន្ទៈ" - នៃបណ្តាប្រទេសអឺរ៉ុបជាចម្បង - ធ្វើឡើងក្នុងបំណងសម្រេចឱ្យបាននូវការធានាសន្តិសុខ និងស្នើឱ្យលោក Trump ផ្ដល់ការគាំទ្រ ដែលអឺរ៉ុបនិយាយថាមានសារៈសំខាន់ជាខ្លាំងដើម្បីធ្វើឱ្យការធានាបែបនេះអាចសម្រេចជោគជ័យ។ ការធានាសន្តិសុខនេះមានគោលបំណងធានាដល់អ៊ុយក្រែនឡើងវិញ និងរារាំងរុស្ស៊ី មិនឱ្យបើកយុទ្ធនាការយោធាម្តងទៀត។
ដំបូងឡើយ លោក Macron និយាយថា ប្រទេសទាំង២៦ ដែលលោកមិនបញ្ចេញឈ្មោះ នឹងដាក់ពង្រាយទ័ពទៅអ៊ុយក្រែន ប៉ុន្តែក្រោយមកលោកនិយាយថា ប្រទេសមួយចំនួននឹងផ្តល់ការធានានៅខាងក្រៅអ៊ុយក្រែន ជាឧទាហរណ៍ ដូចជាការជួយហ្វឹកហ្វឺន និងបំពាក់កម្លាំងដល់កងទ័ពអ៊ុយក្រែនជាដើម៕

