បាល់ទាត់៖ ក្រុមការងារសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ក្រោមការសម្របសម្រួលរបស់ក្រុមការងារចំពោះកិច្ច របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីល្ងាចថ្ងៃទី២៤ ខែមករាម្សិលមិញបានចុះពិនិត្យទីលានហ្វឹកហាត់ និងទីលានប្រកួត ព្រមទាំងធ្វើការវាយតម្លៃកម្រិតភ្លើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនការប្រកួតពានរង្វាន់ AFF U23 Championship 2022 នាខែកុម្ភៈខាងមុខ។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់ការចុះពិនិត្យទីលានរបស់ក្រុមការងារសហព័ន្ធកីឡាបាល់ទាត់អាស៊ានលើកនេះ គឺទីលានហ្វឹកហាត់ដែលមានទីលានចំនួន ៣ត្រៀមបើកទ្វារស្វាគមន៍ក្រុមបណ្ដាប្រទេសអាស៊ានធ្វើការហ្វឹកហាត់ រួមមានកីឡដ្ឋាន Smart RSN របស់ក្លិបភ្នំពេញក្រោន, កីឡដ្ឋានកងយោធពលខេមរភូមិន្ទ និងកីឡដ្ឋានអគ្គិសនីកម្ពុជា។ រីឯទីលានប្រកួតគឺមានកីឡដ្ឋានព្រីនស៍ និងពហុកីឡដ្ឋានជាតិមរតកតេជោ។

គួរដឹងថា ពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ដោយក្រុមគោព្រៃជំទង់កម្ពុជាស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។ រីឯពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី៕
អត្ថបទ៖ លី ឈុនឡា