ដងផ្លូវនានានៅទូទាំងទីក្រុង Los Cabos របស់ប្រទេសម៉ិកស៊ិក ត្រូវបានជន់លិចនិងគ្របដណ្តប់ដោយដីល្បប់យ៉ាងក្រាស់បន្ទាប់ពីព្យុះសង្ឃរា Lorena បានបោកបក់ឆ្លងកាត់នៅជិតតំបន់ទេសចរណ៍ដ៏ពេញនិយម ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងនិងខ្យល់ ដែលបានធ្វើឱ្យខូចផ្លូវ ហើយបានធ្វើឲ្យរថយន្តជាប់គាំង។

ទោះបីជាព្យុះសង្ឃរា Lorena មិនបានបោកបក់ដល់ដីគោកនៅក្នុងតំបន់ក៏ដោយ ព្យុះនេះក៏បានបណ្តាលឱ្យមានទឹកជំនន់។
វីដេអូពីតំបន់នោះបានបង្ហាញពីទឹកដីល្បប់ហូរតាមដងផ្លូវនានា ដោយរថយន្តជាច្រើនគ្រឿងបានជាប់គាំងនៅក្នុងទឹកជំនន់ពេញដោយកម្ទេចកម្ទី ហើយអ្នកស្រុកព្យាយាមធ្វើដំណើរក្នុងស្ថានភាពប្រកបដោយគ្រោះថ្នាក់ ដោយថ្មើរជើងនិងម៉ូតូ។

ព្យុះសង្ឃរានេះ បានចុះខ្សោយទៅជាព្យុះត្រូពិក ហើយបន្តបក់ឆ្ពោះទៅភាគខាងជើងឆ្លងកាត់រដ្ឋ Baja California Sur ជាកន្លែងដែលព្យុះត្រូវបានគេរំពឹងថានឹងបោកបក់ដល់ដីគោកនៅថ្ងៃសៅរ៍ ទី៦ ខែកញ្ញា នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅដាច់ៗពីគ្នា។
មន្ត្រីឧតុនិយមបានព្រមានថា ភ្លៀងនៃព្យុះសង្ឃរានៅតែអាចបណ្តាលឱ្យមានទឹកជំនន់នៅទូទាំងតំបន់មួយចំនួននៃរដ្ឋ ដោយមានការព្រួយបារម្ភជាពិសេសអំពីបំណាក់ដីដែលអាចកើតមាននៅតំបន់ភ្នំ។