សហរដ្ឋអាមេរិកបានប្រកាសផ្តល់ប្រាក់ជិត២០លានដុល្លារក្នុងការប្តេជ្ញាចិត្តផ្នែកសន្តិសុខថ្មីសម្រាប់ប្រទេសអេក្វាឌ័រក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ទៅកាន់ប្រទេសតំបន់ភ្នំអង់មួយនេះកាលពីថ្ងៃព្រហស្បតិ៍ ខណៈទីក្រុងវ៉ាស៊ីនតោនព្យាយាមជំរុញឲ្យសម្ព័ន្ធមិត្តបង្រ្កាបក្រុមជួញដូរគ្រឿងញៀន។

លោក Rubio បាននិយាយក្នុងអំឡុងពេលសុន្ទរកថារួមជាមួយសមភាគីអេក្វាឌ័រ លោកស្រី Gabriela Sommerfeld ថា នេះគឺជាការចាប់ផ្តើមនៃអ្វីដែលយើងអាចធ្វើរួមគ្នា ហើយសហរដ្ឋអាមេរិកនឹងពិចារណាលើមូលដ្ឋានយោធានៅប្រទេសអេក្វាឌ័រ ប្រសិនបើប្រទេសនេះអញ្ជើញ។
កាលពីពេលពីមុន សហរដ្ឋអាមេរិកមានមូលដ្ឋាននៅទីក្រុងឆ្នេរ Manta ប៉ុន្តែបានចាកចេញនៅឆ្នាំ២០០៩ តាមការបង្គាប់ពីប្រធានាធិបតីអេក្វាឌ័រនៅពេលនោះ។ លោក Rubio បាននិយាយថាសហរដ្ឋអាមេរិក ក៏បានកំណត់ក្រុមឧក្រិដ្ឋជនអេក្វាឌ័រចំនួនពីរក្រុមគឺ ក្រុមLos Choneros និងក្រុម Los Lobos ថាជាអង្គការភេរវកម្មបរទេស។

លោកស្រី Gabriela Sommerfeld បាននិយាយថា ប្រទេសអេក្វាឌ័រនឹងទទួលយកជនអន្តោប្រវេសន៍ក្នុងចំនួនកំណត់ណាមួយនៅក្នុងកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែវាមិនច្បាស់នោះទេថាតើអ្នកទាំងនោះនឹងត្រូវនិរទេសចេញពីសហរដ្ឋអាមេរិក ឬជាអ្នកដែលដាក់ពាក្យស្នើសុំឋានៈជាជនភៀសខ្លួន។