ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា បានបន្តវាយបោកបក់លើផ្នែកមួយជំនួននៅប្រទេសប៉ាគីស្ថាន បណ្តាលឱ្យមានការបំផ្លិចបំផ្លាញរាលដាល ខណៈទន្លេធំៗបានពេញហៀរ និងហូរចូលលិចភូមិ។

អាជ្ញាធរប្រទេសប៉ាគីស្ថានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដើម្បីជួយសង្រ្គោះទីក្រុងប្រវត្តិសាស្ត្រ Multanពីការជន់លិច អាជ្ញាធរកំពុងពិចារណាលើការទម្លាយច្រាំងទន្លេ Chenab ដែលនឹងឱ្យទឹកត្រូវបានបញ្ចេញហូរទៅជាយក្រុង ដូច្នេះកម្រិតទឹកទន្លេអាចស្រកចុះ។

រដូវភ្លៀងមូសុងបាននាំមកនូវការបំផ្លាញយ៉ាងច្រើនសម្បើមក្នុងតំបន់នៅឆ្នាំនេះ ដោយបានបណ្តាលឲ្យមនុស្ស៨៨០នាក់ស្លាប់នៅក្នុងប្រទេសប៉ាគីស្ថានក្នុងរដូវកាលនេះ ខណៈនៅក្នុងប្រទេសឥណ្ឌា មនុស្សជិត១៥០នាក់បានបាត់បង់ជីវិតនៅក្នុងខែសីហា តែមួយ។ នៅក្នុងរដ្ឋ Punjab ប្រទេសប៉ាគីស្ថាន មនុស្ស១,៨លាននាក់ត្រូវបានជម្លៀសចេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីទឹកជំនន់បានលិចលង់ភូមិជិត៣.៩០០ភូមិ។
ភ្លៀងធ្លាក់យ៉ាងគំហុក បានធ្វើឱ្យទន្លេជាច្រើនមានទឹកពេញហៀរ ជំរុញឱ្យអាជ្ញាធរនៅក្នុងប្រទេសឥណ្ឌាបញ្ចេញទឹកចេញពីទំនប់ ធ្វើឲ្យជន់លិចតំបន់នានាបន្ថែមទៀតនៅព្រំដែនទាំងខាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន។ ប្រទេសទាំងពីមានទន្លេរួមគ្នា ដែលហូរចេញពីប្រទេសឥណ្ឌាចូលក្នុងប្រទេសប៉ាគីស្ថាន។ មន្ត្រីនៅក្នុងប្រទេសប៉ាគីស្ថានបាននិយាយថា ទីក្រុងញូវដែលី បានចេញការព្រមានចំនួនប្រាំពីរលើកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ អំពីការបើកទ្វារទំនប់ទឹកចំនួនបីកន្លែងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។