អ្នកនាំពាក្យយោធា IDF បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៤ កញ្ញា) ថា អ៊ីស្រាអែលគ្រប់គ្រងបាន ៤០% រួចទៅហើយនៃទីក្រុងហ្កាហ្សា ដែលជាក្រុងធំបំផុតរបស់ដែនដីហ្កាហ្សាស្រ្ទីប ដោយព្រមានពង្រីកយុទ្ធនាការយោធាឆាប់ៗនេះ ខណៈការទម្លាក់គ្រាប់បែករបស់ខ្លួនបានបង្ខំប្រជាជនប៉ាឡេស្ទីនកាន់តែច្រើន ឱ្យរត់ភៀសខ្លួនចេញពីផ្ទះសម្បែងនៅទីនោះ ប៉ុន្តែអ្នកស្រុករាប់ពាន់នាក់ត្រូវរាយការណ៍ថានៅតែបន្តស្នាក់នៅ ប្រឆាំងនឹងបទបញ្ជាជម្លៀសរបស់អ៊ីស្រាអែល។

អាជ្ញាធរសុខាភិបាលហ្កាហ្សានិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ៊ុមព័ទ្ធនេះ បានសម្លាប់មនុស្សជាង ៥០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ភាគច្រើនក្នុងទីក្រុងហ្កាហ្សា ជាទីដែលកងកម្លាំងអ៊ីស្រាអែលបានវាយរុលឆ្លងកាត់ជាយក្រុងខាងក្រៅ ហើយឥឡូវនេះមានចម្ងាយត្រឹមពីរបីគីឡូម៉ែត្រប៉ុណ្ណោះពីកណ្តាលក្រុង។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា៖ "កងទ័ពបន្តបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស សព្វថ្ងៃនេះអ៊ីស្រាអែលកាន់កាប់បាន ៤០% នៃទឹកដីក្រុងហ្កាហ្សាហើយ ចំណែកប្រតិបត្តិការនឹងបន្តពង្រីកខ្លួន និងកាន់តែខ្លាំងក្លានៅប៉ុន្មានថ្ងៃខាងមុខ"។
អ្នកស្រុកបាននិយាយថា អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើសង្កាត់លំនៅឋាន Zeitoun, Sabra, Tuffah និង Shejaia របស់ទីក្រុងហ្កាហ្សា ទាំងចេញដីគោក និងតាមអាកាស។ រថក្រោះក៏បានរុលចូលទៅក្នុងផ្នែកខាងកើតនៃស្រុក Sheikh Radwan ភាគពាយព្យនៃតំបន់កណ្តាលក្រុងហ្កាហ្សា ដោយកម្ទេចផ្ទះសម្បែង និងបង្កការបំផ្លិចបំផ្លាញនៅក្នុងជំរំតង់ជនភៀសខ្លួន៕

