បួគីណាហ្វាសូ៖ កងទ័ពរបស់ប្រទេសបួគីណាហ្វាសូ (Burkina Faso) បាននិយាយថា ខ្លួនបានគ្រប់គ្រងប្រទេសស្ថិតក្នុងតំបន់អាហ្វ្រិកខាងលិចមួយនេះកាលពីថ្ងៃចន្ទ ដោយបានចាប់ខ្លួនប្រធានាធិបតីលោក Roch Kabore រំលាយរដ្ឋាភិបាល និងសភា ព្យួររដ្ឋធម្មមនុញ្ញ និងបិទព្រំដែនប្រទេសរបស់ខ្លួន។

រដ្ឋប្រហារនេះត្រូវបានប្រកាសនៅលើកញ្ចក់ទូរទស្សន៍រដ្ឋដោយឣនុសេនីយឯក Sidsore Kader Ouedraogo ដែលនិយាយថា យោធាបានរឹបអូសអំណាចជាការឆ្លើយតបទៅនឹងស្ថានភាពសន្តិសុខ ដែលចេះតែធ្ងន់ធ្ងរទៅនៅក្នុងប្រទេស និងអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការបង្រួបបង្រួមប្រជាជន។ ពួកគេពុំបាននិយាយពីកន្លែងឃុំខ្លួនរបស់ប្រធានាធិបតី Kabore ទេ ប៉ុន្តែបាននិយាយថា រូបលោកមានសុវត្ថិភាព។ របបយោធាថ្មីបាននិយាយថា ខ្លួនបានរំលាយរដ្ឋធម្មនុញ្ញ និងសភាជាតិរបស់ប្រទេសបួគីណាហ្វាសូ និងអនុវត្តន៍បម្រាមគោចរពីម៉ោង ៩យប់ដល់ម៉ោង ៥ព្រឹក។ គេបានមើលឃើញពីភាពវឹកវរខ្លាំងក្រោយការតវ៉ាដ៏រំជើបរំជួល ដោយក្រុមអ្នកប្រឆាំងរដ្ឋប្រហារ បានដុតរនាំងបិទផ្លូវនៅតាមផ្លូវនានា ក្នុងរដ្ឋធានីរបស់ប្រទេសបួគីណាហ្វាសូកាលពីថ្ងៃអាទិត្យ មួយថ្ងៃមុនទាហានរឹបអូសដណ្ដើមអំណាច៕
អត្ថបទ៖ សុខមាន