ប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យមានចំណាត់ការរបស់អន្តរជាតិជាបន្ទាន់ បន្ទាប់ពីយានដ្រូនជាច្រើនគ្រឿងរបស់អ៊ីស្រាអែល បានកំណត់គោលដៅទៅលើក្បែរតំបន់កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងប្រទេសលីបង់ ដោយបានហៅការវាយប្រហារនេះថា ជា «ការរំលោភធ្ងន់ធ្ងរបំផុត»លើបទឈប់បាញ់ ដែលមានតាំងពីខែវិច្ឆិកា។

នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ លោក Diodato Abagnara មេបញ្ជាការកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) លោក Aoun បានបង្ហាញពីសាមគ្គីភាពជាមួយកងរក្សាសន្តិភាព ដែលបានរងការបាញ់ប្រហារ នៅជិតទីក្រុងព្រំដែន Marwahin។

កាលពីថ្ងៃពុធ UNIFIL បាននិយាយថា យានដ្រូនរបស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកដៃចំនួន ៤គ្រាប់កាលពីថ្ងៃអង្គារ ខណៈដែលបុគ្គលិករបស់ខ្លួន បានសម្អាតផ្លូវបិទផ្លូវ ដែលរារាំងមិនឲ្យចូលទៅកាន់ប៉ុស្តិ៍មួយរបស់អង្គការសហប្រជាជាតិ។ គ្រាប់បែកដៃមួយគ្រាប់ បានធ្លាក់ក្នុងចម្ងាយ ២០ ម៉ែត្រ ពីកងរក្សាសន្តិភាព និង ៣គ្រាប់ទៀត ក្នុងចម្ងាយ ១០០ ម៉ែត្រ ពីបុគ្គលិក និងរថយន្ត។ បេសកកម្មនេះ បានហៅវាថា ជា «ការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមួយ» លើបុគ្គលិករបស់ខ្លួន ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែវិច្ឆិកាឆ្នាំមុន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយសង្កត់ធ្ងន់ថា ការគំរាមកំហែងដល់កងរក្សាសន្តិភាពគឺ «មិនអាចទទួលយកបាន» និងជំរុញឲ្យភាគីទាំងអស់ធានាសុវត្ថិភាពរបស់ពួកគេ៕