យោធាកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃសុក្រ (៥ កញ្ញា) នេះថា កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក មានផែនកាធ្វើសមយុទ្ធការពារប្រចាំឆ្នាំរួមគ្នា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រតិបត្តិការលើដែនអាកាស កងទ័ពជើងទឹក និងប្រព័ន្ធអ៊ីនធឺណិត ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធសេរីភាព ឬ Freedom Edge គឺជាសមយុទ្ធប្រចាំឆ្នាំដែលរៀបចំឡើងដើម្បីអនុវត្តសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយបន្ថែមថា សមយុទ្ធនេះនឹងធ្វើឡើងស្របតាមច្បាប់អន្តរជាតិ។
ពុំមានព័ត៌មានលម្អិតបន្ថែមទៀតត្រូវបានផ្ដល់ឱ្យលើសមយុទ្ធនោះទេ រួមទាំងចំនួនទាហាន ឬប្រភេទយុទ្ធោបករណ៍ដែលពាក់ព័ន្ធ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការបង្ហាញខ្លួនដ៏កម្ររបស់មេដឹកនាំកូរ៉េខាងជើង រុស្ស៊ី និងចិន នៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ នៅឯក្បួនដង្ហែរយោធាដ៏ធំមួយ ដែលបង្ហាញពីសាច់ដុំយោធារបស់ចិន ជាសាមគ្គីភាពប្រឆាំងនឹងលោកខាងលិច។

សមយុទ្ធនេះក៏ធ្វើឡើងបន្ទាប់ពីការហ្វឹកហ្វឺនទ្រង់ទ្រាយធំរយៈពេល ១០ថ្ងៃ ដោយយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាលពីខែមុន ដើម្បីវាយតម្លៃការត្រៀមខ្លួនការពាររបស់ពួកគេ ប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ក្នុងអ្វីដែលទីក្រុងព្យុងយ៉ាង បានរិះគន់ថាជាភស្តុតាងនៃចេតនាអរិភាពរបស់សម្ព័ន្ធមិត្តទាំងពីរប្រឆាំងនឹងកូរ៉េខាងជើង៕