ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងទីម័រឡេស្ត បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសលើវិស័យកសិកម្ម ដែលប្រទេសកម្ពុជាកំពុងក្លាយជាតួអង្គសំខាន់មូយនៃការផ្គត់ផ្គង់ស្បៀងអាហារទាំងក្នុងតំបន់ និងសកល។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានទទួលជួបជាមួយ លោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម។
ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការកាន់តំណែងថ្មី ហើយបានពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសការពិនិត្យលទ្ធភាពជំរុញកសិ-ពាណិជ្ជកម្ម ការធានាសន្តិសុខស្បៀង និងការផ្លាស់ប្តូរកម្មសិក្សាកសិករប្រទេសទាំងពីរ៕ អត្ថបទ៖ ឈិត បូរ៉ាវី




