សារព័ត៌មានអាល្លឺម៉ង Bild បានរាយការណ៍ដោយដកស្រង់សម្តីប្រភពថា សមាជិកនៃអ្វីដែលហៅថា «សម្ព័ន្ធនៃឆន្ទៈ» បានធ្វើ «ការសន្ទនាតាមទូរស័ព្ទយ៉ាងក្តៅគគុក» ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បន្ទាប់ពីការសន្ទនានោះ មេដឹកនាំអឺរ៉ុបមានអារម្មណ៍«មិនសប្បាយចិត្ត និងខកចិត្ត»។

យោងតាមកាសែតនេះ «បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ភាគីអឺរ៉ុបមិនរំពឹងថា លោក ត្រាំ នឹងសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីទេ»។ អឺរ៉ុបបានស្នើឲ្យបញ្ជូនអ្នកតំណាងរបស់ពួកគេទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេល ៤៨ ម៉ោង ដើម្បីបង្កើតក្រុមការងាររួមមួយ ដើម្បីធ្វើការលើបញ្ហានៃការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី។ សារព័ត៌មាន បានចង្អុលបង្ហាញថា៖ «ទោះជាយ៉ាងណា ពុំមិនច្បាស់ថាតើលោក ត្រាម យល់ព្រមចំពោះរឿងនេះ ឬអត់នោះទេ»។ យោងតាមសារព័ត៌មាន Bild បានឲ្យដឹងថា មេដឹកនាំអាមេរិករូបនេះ បានចោទសហភាពអឺរ៉ុបថា បន្តនាំចូលប្រេងពីប្រទេសរុស្ស៊ី។

យោងតាមប្រភពរបស់កាសែត Bild បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff ក៏បានចោទប្រកាន់ជនជាតិអឺរ៉ុប នៅក្នុងកិច្ចប្រជុំនៃ «សម្ព័ន្ធនៃឆន្ទៈ»ថា បានទិញប្រេងពីរុស្ស៊ី តាមរយៈប្រទេសឥណ្ឌា។
កាលពីថ្ងៃព្រហស្បតិ៍ សមាជិកនៃ«សម្ព័ន្ធនៃឆន្ទៈ» បានជួបប្រជុំគ្នា នៅទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្នុងចំណោមរឿងផ្សេងទៀត។ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា នៅពេលនេះ សម្ព័ន្ធនៃឆន្ទៈ មានសមាជិក ចំនួន ៣៥ប្រទេស ដែលក្នុងនោះ ២៦ក្នុងចំណោមនោះ បានសម្តែងការត្រៀមខ្លួន ក្នុងការបញ្ជូនកងកម្លាំងយោធា ទៅកាន់អ៊ុយក្រែន នៅពេលដែលបទឈប់បាញ់ ឬសន្តិភាព ត្រូវបានបង្កើតឡើង៕