ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅឯកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាថា ពុំ ចាំបាច់ដាក់ពង្រាយទាហានលោកខាងលិច នៅលើទឹកដីអ៊ុយក្រែនទេ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព រយៈពេលវែង ត្រូវបានសម្រេច។
លោកបាននិយាយថា៖«ប្រសិនបើការសម្រេចចិត្ត ត្រូវបានឈានដល់ ដែលនាំទៅរកសន្តិភាពយូរអង្វែង នោះ ខ្ញុំគ្រាន់តែយល់ឃើញថា វត្តមានកងទ័ពលោកខាងលិចរបស់ពួកគេ នៅលើទឹកដីអ៊ុយក្រែននោះ ពុំមានប្រយោជន៍ ឬតម្លៃអ្វីនោះទេ»។

នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៃ«សម្ព័ន្ធនៃឆន្ទៈ» កាលពីថ្ងៃទី ០៤ ខែកញ្ញា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បាននិយាយថា រដ្ឋសមាជិកចំនួន ២៦ របស់ខ្លួន បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ពួកគេ ក្នុងការចូលរួមក្នុងការបញ្ជូនកងកម្លាំងយោធា ទៅកាន់អ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់ ឬសន្តិភាព ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសនោះ។ លោក ម៉ាក្រុង បានជៀសវាងការបញ្ចេញឈ្មោះប្រទេសទាំងនេះ ឬក៏កម្លាំងប្រហាក់ប្រហែលនៃក្រុមអន្តរជាតិ ដែលសម្ព័ន្ធនេះ គ្រោងនឹងដាក់ពង្រាយនៅលើទឹកដីអ៊ុយក្រែន ដូច្នេះ«មិនបង្ហាញផែនការនោះ» ដល់ប្រទេសរុស្ស៊ីទេ។ លោកបានបន្ថែមថា «ប្រទេសជាច្រើនទៀត បន្តពិចារណាពីជំហររបស់ខ្លួន»។ កិច្ចប្រជុំនេះ ត្រូវបានចូលរួមដោយប្រទេសចំនួន ៣៥។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយកាលពីថ្ងៃទី ៣០ ខែសីហាថា សកម្មភាពរបស់ «ក្រុមចម្រុះនៃឆន្ទៈ» គឺសំដៅធ្វើប៉ះពាល់ដល់វឌ្ឍនភាព ដែលកំពុងកើតមានលើដំ ណោះស្រាយអ៊ុយក្រែន បន្ទាប់ពីកិច្ចចរចារុស្ស៊ី-សហរដ្ឋអាមេរិក។ នាពេលមុននេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News លោកបាននិយាយថា ការធានាសន្តិសុខរបស់អ៊ុយក្រែន តាម រយៈ«អន្តរាគមន៍យោធាបរទេសនៅក្នុងផ្នែកខ្លះនៃទឹកដីអ៊ុយក្រែន» នឹងមិនអាចទទួលយកបានសម្រាប់រុស្ស៊ី ទេ៕
