មន្ត្រីអាមេរិកម្នាក់ កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា មន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក និងអាជ្ញាធរការពារដែនកោះតៃវ៉ាន់ បានជួបពិភាក្សាគ្នានៅរដ្ឋ Alaska កាលពីសប្តាហ៍មុន ជាអ្វីដែលទំនងជាធ្វើឲ្យចិនខឹងសម្បា ប្រសិនបើជាការពិត។
សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។
ប្រទេសចិនដែលមិនដែលបោះបង់ចោលនូវការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះនេះឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះ តែងតែពណ៌នាកោះតៃវ៉ាន់ថា ជាបញ្ហាសំខាន់ និងរសើបបំផុត នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។

បើយោងតាមមន្ត្រីរូបនោះ បានបញ្ជាក់ថា លោក Jed Royal ដែលជាមន្ត្រីជាន់ខ្ពស់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅក្រសួងការពារជាតិសហរដ្ឋអាមេរិក បានជួបជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់របស់ដែនកោះតៃវ៉ាន់ នៅទីក្រុង Anchorage ។
ដោយមិនមានការលើកឡើងអំពីកោះតៃវ៉ាន់ ដូចសុន្ទរកថាមុនៗ ប្រធានាធិបតីចិន លោក Xi Jinping បានព្រមានថា ពិភពលោកកំពុងប្រឈមនឹងជម្រើស រវាងសន្តិភាព ឬសង្រ្គាម នៅឯព្រឹត្តិការណ៍ព្យុហយាត្រាយោធាដ៏ធំ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៣ ខែកញ្ញា ជាការបង្ហាញកម្លាំងដែលមិនធ្លាប់មានពីមុនមក។ ក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថានោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក៏មានវត្តមានដែរ៕
