ទីភ្នាក់ងារសារព័ត៌មាន TASR បានដកស្រង់សេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលស្លូវ៉ាគី ដែលបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពល នឹងក្លាយជាប្រធានបទសំខាន់មួយនៃកិច្ចពិភាក្សា រវាងនាយករដ្ឋ មន្ត្រីស្លូវ៉ាគី លោក Robert Fico និងលោក វ្ល៉ូឌីមី ហ្សេឡិនស្គី និងនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Yulia Sviridenko នៅក្នុងកិច្ចប្រជុំមួយ នៅថ្ងៃសុក្រនេះ។
គណៈរដ្ឋមន្ត្រី បាននិយាយថា៖«ប្រធានបទសំខាន់មួយនៃកិច្ចពិភាក្សានៅឯកិច្ចប្រជុំរបស់នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico ជាមួយប្រធានាធិបតីអ៊ុយក្រែននៅទីក្រុង Uzhgorod គឺជាហេដ្ឋារចនាសម្ព័ន្ធថាមពល»។ «លោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី និងប្រធានាធិបតីអ៊ុយក្រែន នឹងផ្តល់សេចក្តីលម្អិតអំពីលទ្ធផលនៃកិច្ចពិភាក្សា នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ»។

លោក Fico បានរិះគន់យ៉ាងចាស់ដៃចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធនៃបំពង់បង្ហូរប្រេង Druzhba ដែលបញ្ជូនប្រេងរបស់រុស្ស៊ី ទៅកាន់ប្រទេសស្លូវ៉ាគី។ ទីក្រុងប្រាទីស្លាវ៉ា ( Bratislava) បានអំពាវនាវជាពិសេសទៅគណៈកម្មការអឺរ៉ុប ដោយទទូចឲ្យប្រើឥទ្ធិពលលើអ៊ុយក្រែនដើម្បីបញ្ឈប់ការវាយប្រហារ។
លោក Fico នឹងធ្វើដំណើរទៅកាន់ទីក្រុង Uzhhorod ពីទីក្រុងប៉េកាំង ជាកន្លែងដែលលោក បានចូលរួមក្នុងការប្រារព្ធពិធីរំលឹកខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ ។ លោកបាននិយាយមុននេះថា លោកនឹងពាំនាំយកការសន្និដ្ឋានពីការសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន ដើម្បីប្រាប់លោក ហ្សេឡិនស្គី៕
