ប្រធានាធិបតី Vladimir Putin បានច្រានចោលសំណើរធានាសន្តិសុខរបស់លោកខាងលិច សម្រាប់អ៊ុយក្រែន ដោយព្រមានថា ទាហានបរទេសណាដែលដាក់ពង្រាយ នៅក្នុងប្រទេសជិតខាងនេះ នឹងក្លាយជា «គោលដៅស្របច្បាប់» របស់យោធារុស្ស៊ី។
ការព្រមានរបស់លោក Putin នៅថ្ងៃសុក្រ (ទី៥ ខែកញ្ញា) នេះ បានកើតឡើងតែមួយថ្ងៃបន្ទាប់ពីប្រទេសរាប់សិប បានសន្យាថា នឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសដែលរងគ្រោះដោយសង្រ្គាម ជាការធានាសន្តិសុខនៅក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពដែលគ្រប់គ្នារំពឹងទុក រវាងទីក្រុងមូស្គូ និងទីក្រុងគីវ។

កិច្ចប្រជុំកំពូលនៃ «សម្ព័ន្ធឆន្ទៈរួម» កាលពីថ្ងៃព្រហស្បតិ៍ បានឃើញថា រដ្ឋចំនួន ២៦ យល់ព្រមផ្តល់កងកម្លាំង ដើម្បីរារាំងប្រទេសរុស្ស៊ីកុំឲ្យឈ្លានពានបន្ថែមទៀត ប្រសិនបើកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតី លោក Donald Trump ក្នុងការស្វែងរកសន្តិភាព ទទួលបានជោគជ័យ។ តែយ៉ាងណាក្ដី ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលត្រូវបានចាត់ទុកថា មានសារៈសំខាន់ចំពោះការរៀបចំសន្តិសុខបែបនេះ នៅតែមិនទាន់មានភាពប្រាកដប្រជា។
នៅឯវេទិកាសេដ្ឋកិច្ចភាគខាងកើត ក្នុងទីក្រុង Vladivostok ដែលជាព្រឹត្តិការណ៍មួយបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីបានចូលរួមក្នុងការបង្ហាញជាសាធារណៈ អំពីទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រទេសចិន និងកូរ៉េខាងជើង លោក Putin បាននិយាយថា៖ «ប្រសិនបើកងទ័ពមួយចំនួន បង្ហាញខ្លួននៅទីនោះ (ប្រទេសអ៊ុយក្រែន) ជាពិសេសនៅពេលនេះ ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នា យើងចាត់ទុកថា ពួកគេនឹងក្លាយជាគោលដៅស្របច្បាប់។
លោក Putin បានបន្ថែមថា ការដាក់ពង្រាយកងទ័ពបរទេស នឹងមិនអំណោយផលដល់សន្តិភាពយូរអង្វែងទេ ហើយបានអះអាងជាថ្មីថា ទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរបស់អ៊ុយក្រែនជាមួយលោកខាងលិច គឺស្ថិតក្នុងចំណោម «មូលហេតុដើម» នៃជម្លោះដែលបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ជាពេលដែលកងកម្លាំងរុស្ស៊ីបានលុកលុយឈ្លានពាន។
មេដឹកនាំរុស្ស៊ី បានប្រកាសបញ្ជាក់ថា៖ «ប្រសិនបើការសម្រេចចិត្តត្រូវបានសម្រេចឡើង ដែលនាំទៅរកសន្តិភាព ពោលគឺជាសន្តិភាពយូរអង្វែង នោះខ្ញុំមិនឃើញមានហេតុផលណាមួយ ដែលត្រូវមានវត្តមានរបស់ពួកគេ នៅលើទឹកដីអ៊ុយក្រែននោះឡើយ»៕
