រដ្ឋមន្ត្រីជប៉ុន និងអូស្ត្រាលី បានជួបប្រជុំគ្នា នៅទីក្រុងតូក្យូ នាថ្ងៃសុក្រ (ទី៥ ខែកញ្ញា) នេះ ហើយបានយល់ព្រមពង្រឹងទំនាក់ទំនងការពារជាតិឲ្យកាន់តែស៊ីជម្រៅ ដោយជំនួបនេះកើតមានឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំង បានរៀបចំព្យុហយាត្រាយោធាដ៏ធំមួយ ។
ជប៉ុនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមិនខុសពីទីក្រុងតូក្យូ មានជាប់ពាក់ព័ន្ធក្នុងជម្លោះទឹកដីជាមួយចិន។
កិច្ចប្រជុំទ្វេភាគីនៃរដ្ឋមន្ត្រីការបរទេស និងការពារជាតិនេះ ធ្វើឡើងបន្ទាប់ពីមានព្យុហយាត្រាយោធា នៅទីក្រុងប៉េកាំង ដែលត្រូវបានចូលរួមដោយមេដឹកនាំជាច្រើនរូប ក្នុងនោះរួមមានទាំងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំកូរ៉េខាងត្បូង លោក Kim Jong Un ផងដែរ។

បណ្ដាអ្នកវិភាគលើកឡើងថា ការមានវត្តមានរបស់មេដឹកនាំជាច្រើន នៅក្នុងព្រឹត្តិការណ៍នេះ គឺជាចក្ខុវិស័យរបស់ប្រធានាធិបតីចិន លោក Xi Jinping ក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលកាត់បន្ថយឥទ្ធិពលរបស់សហរដ្ឋអាមេរិក។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani បាននិយាយថា៖ «ជាការបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃការធ្វើការរួមគ្នា ដើម្បីការពារការផ្លាស់ប្តូរជាឯកតោភាគា ចំពោះស្ថានភាពបច្ចុប្បន្នដោយកម្លាំង យើងបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការ»។
លោក Nakatani បានប្រាប់អ្នកសារព័ត៌មានថា៖ «លើសពីនេះទៀត យើងបានបញ្ជាក់ឡើងវិញនូវការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសហ្វីលីពីន ឥណ្ឌា កូរ៉េខាងត្បូង អាស៊ាន ប៉ាស៊ីហ្វិក និងប្រទេសដទៃទៀត»។
ជាមួយគ្នានេះ ទូរទស្សន៍សាធារណៈ NHK បានផ្សាយថា ប្រទេសទាំង២ បានយល់ព្រមឲ្យមានការបណ្តុះបណ្តាលកម្រិតខ្ពស់ រវាងយោធានៃភាគីទាំង២ និងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខសេដ្ឋកិច្ច ដូចជារ៉ែ និងថាមពលសំខាន់ៗ៕
