កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយនៅថ្ងៃសុក្រ (ទី៥ ខែកញ្ញា) នេះថា អតីតមេដឹកនាំសហភាពមីយ៉ាន់ម៉ារូបនេះ ដែលកំពុងជាប់ឃុំឃាំង កំពុងមានបញ្ហាបេះដូងកាន់តែអាក្រក់ទៅៗ ហើយត្រូវការការថែទាំសុខភាពជាបន្ទាន់ ដោយអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់ពីការឃុំឃាំង «ដ៏ឃោរឃៅ និងគំរាមកំហែងដល់អាយុជីវិត» នេះ។
លោក Kim Aris បានប្រាប់សារព័ត៌មានរ៉យទ័រថា ម្តាយវ័យ ៨០ឆ្នាំរបស់ខ្លួន ដែលត្រូវបានឃុំឃាំងដោយយោធា ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលរបស់លោកស្រី បានសុំទៅជួបគ្រូពេទ្យឯកទេសជំងឺបេះដូងប្រហែលមួយខែមុន ប៉ុន្តែលោកមិនអាចកំណត់បានថា តើសំណើរបស់ម្ដាយខ្លួនត្រូវបានផ្តល់ឲ្យដែរ ឬអត់។
លោកបាននិយាយតាមទូរស័ព្ទពីទីក្រុងឡុងដ៍ថា៖ «ប្រសិនបើគ្មានការពិនិត្យសុខភាពត្រឹមត្រូវទេនោះ វាមិនអាចទៅរួចទេដែលអាចដឹងបានថា តើបេះដូងរបស់គាត់ស្ថិតក្នុងស្ថានភាពបែបណា។ ខ្ញុំមានក្ដីព្រួយបារម្ភយ៉ាងខ្លាំងណាស់។ គ្មានវិធីផ្ទៀងផ្ទាត់ថា តើគាត់នៅមានជីវិត ឬអត់នោះ»។
លោក Aris បានប្រាប់ទៀតថា ម្ចាស់ជ័យលាភីណូបែលសន្តិភាពរូបនេះ ក៏មានបញ្ហាឆ្អឹង និងអញ្ចាញធ្មេញផងដែរដែរ ដោយលោកបានបន្ថែមថា លោកស្រីទំនងជាបានរងរបួស អំឡុងពេលមានគ្រោះរញ្ជួយដី កាលពីខែមីនា ដែលបានសម្លាប់មនុស្សជាង ៣.៧០០នាក់។ តាមរយៈវីដេអូ នៅលើបណ្ដាញសង្គម Facebook លោកបានអំពាវនាវឲ្យមានការដោះលែងលោកស្រី ស៊ូជី និងអ្នកទោសនយោបាយទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលបណ្តោះអាសន្នដែលគាំទ្រដោយយោធារបស់មីយ៉ាន់ម៉ា មិនបានលើកទូរស័ព្ទពីសារព័ត៌មានរ៉យទ័រ ដែលកំពុងស្វែងរកការអត្ថាធិប្បាយ ហើយក្រសួងព័ត៌មានរបស់ប្រទេសនេះ ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណួរដែលបានផ្ញើតាមអ៊ីម៉ែល៕