ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ (ទី៥ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ជំងឺ Mpox (អឹមផក) ឬអ៊ុតស្វា លែងជាភាពអាសន្នផ្នែកសុខភាពរបស់ពិភពលោកទៀតហើយ។
ការឆ្លងមេរោគ រីករាលដាលតាមរយៈការមានទំនាក់ទំនងជិតស្និទ្ធ ហើយជាធម្មតាបណ្តាលឲ្យមានរោគសញ្ញា ដូចជំងឺផ្តាសាយ និងដំបៅមានខ្ទុះ។
លោក Tedros Adhanom Ghebreyesus បាននិយាយថា៖ «ការសម្រេចចិត្តនេះ គឺផ្អែកលើការធ្លាក់ចុះជានិរន្តរភាពនៃករណីជំងឺ ដូចជានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងនៅក្នុងប្រទេសដែលរងផលប៉ះពាល់ផ្សេងទៀត រួមមានប៊ូរុនឌី សៀរ៉ា ឡេអូន និងអ៊ូហ្គង់ដា»។
អគ្គនាយក WHO រូបនេះ បានបន្ថែមថា ការសម្រេចចិត្តនេះគឺផ្អែកលើដំបូន្មានរបស់គណៈកម្មាធិការគ្រាអាសន្នរបស់ WHO ដែលជួបប្រជុំគ្នារៀងរាល់ ៣ខែម្តង ដើម្បីវាយតម្លៃការផ្ទុះឡើង។
គួរបញ្ជាក់ថា WHO បានប្រកាសអាសន្នជាលើកដំបូងអំពីជំងឺនេះ នៅក្នុងខែសីហាឆ្នាំមុន នៅពេលដែលការផ្ទុះឡើងជាទម្រង់ថ្មីនៃមេរោគ Mpox បានរីករាលដាលពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ទៅកាន់ប្រទេសជិតខាង។
ភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ គឺជាទម្រង់នៃការប្រកាសអាសន្នខ្ពស់បំផុតរបស់ WHO៕