យោងតាមប្រព័ន្ធផ្សព្វផ្សាយ NHK បានឱ្យដឹងថា សន្ទុះខ្យល់បោកបក់ខ្លាំងពីព្យុះទីហ្វុងPeipah បានបំផ្លាញអគារយ៉ាងហោចណាស់២២០ខ្នងនៅក្នុងខេត្ត Shizuoka កាលពីថ្ងៃសុក្រ ទី៥ ខែកញ្ញា ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២៣នាក់រងរបួស។
វីដេអូពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីដំបូលផ្ទះត្រូវបានបំផ្លាញ ហើយរថយន្តជាច្រើនគ្រឿងបានរងការខូចខាត។

ប្រព័ន្ធផ្សព្វផ្សាយNHK បានរាយការណ៍ថា សន្ទុះខ្យល់ខ្លាំងត្រូវបានគេមើលឃើញនៅក្នុងក្រុងចំនួនបួនក្នុងខេត្ត Shizuoka រួមទាំងក្រុង Yoshida និងទីក្រុង Makinohara ។ អាជ្ញាធរក្រុង Makinohara បាននិយាយថា មនុស្ស៣នាក់បានរងរបួសធ្ងន់និង២០នាក់រងរបួសស្រាល។
យ៉ាងហោចណាស់អគារចំនួន៤៣ខ្នងត្រូវបានបំផ្លាញទាំងស្រុងឬត្រូវបានបំផ្លាញពាក់កណ្តាល ហើយអគារចំនួន១៨៣ខ្នងផ្សេងទៀត ត្រូវបានបំផ្លាញដោយផ្នែកនៅក្នុងទីក្រុង Makinnohara។
ព្យុះទីហ្វុង Peipah បានបន្ទាបកម្រិតទៅជាព្យុះត្រូពិកប្រហែលនៅម៉ោង៩យប់ម៉ោងក្នុងស្រុកកាលពីថ្ងៃសុក្រ នៅឆ្នេរភាគខាងកើតប្រទេសជប៉ុន។
