ការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងហ្កាហ្សា បានផ្តួលរំលំអគារខ្ពស់មួយកន្លែងកាលពីថ្ងៃសុក្រ។
រដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថា សំណង់កម្ពស់១៤ជាន់ដែលគេស្គាល់ថា Mushtaha Tower កំពុងត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស។ អ៊ីស្រាអែលបានសន្យាដណ្តើមការគ្រប់គ្រងទីក្រុងនេះ ដែលកងកម្លាំងរបស់ខ្លួនកំពុងរុលចូលនៅជាយក្រុងខាងក្រៅ ហើយបច្ចុប្បន្នស្ថិតនៅចម្ងាយប៉ុន្មានម៉ាយប៉ុណ្ណោះពីកណ្តាលទីក្រុង។

អាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពី១ថ្ងៃមុននេះបានសម្លាប់មនុស្សយ៉ាងហោចណាស់៥៣នាក់នៅទូទាំងតំបន់នោះ។ ក្នុងចំណោមគោលដៅ ជំរំតង់មួយកន្លែងសម្រាប់ប្រជាជនជាងពីរលាននាក់ត្រូវបានជម្លៀសដោយការវាយលុករបស់អ៊ីស្រាអែល។
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ៦៣.០០០នាក់ត្រូវបានសម្លាប់ដោយការវាយលុករបស់អ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមចាប់ផ្តើម។
លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រ ទី៥ ខែកញ្ញា ថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្ថិតក្នុងការចរចា «ស៊ីជម្រៅ» ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ហើយបានជំរុញឱ្យពួកគេដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «យើងកំពុងចរចាយ៉ាងស៊ីជម្រៅជាមួយក្រុមហាម៉ាស» ។
