វ៉ូវីណាម៖ ក្លិបវ៉ូវីណាមខេត្តស្វាយរៀងបានឈរកំពូលតារាងមេដាយបណ្ដោះអាសន្នក្នុងថ្ងៃទី១ នៃការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ម្សិលមិញនៅទីលាននៃវិទ្យាល័យភូមិន្ទភ្នំពេញ។

ចំពោះលទ្ធផលបណ្ដោះអាសន្នថ្ងៃទី១ នេះគេឃើញកីឡាករ-កីឡាការិនីមកពីក្លិបទាំង ៩ សុទ្ធតែដណ្ដើមបានមេដាយ រួមមានក្លិបវ៉ូវីណាមខេត្តស្វាយរៀងឈរកំពូលតារាងដណ្ដើមបានមេដាយសរុប ៤គ្រឿង (មាស២ និងប្រាក់២) ខណៈក្រសួងការពារជាតិឈរលេខ២ ដណ្ដើមបានមេដាយមាស ២គ្រឿង និងខេត្តសៀមរាបឈរលេខ៣ ដណ្ដើមបាមេដាយ ៤គ្រឿង (មាស១, ប្រាក់២ និងសំរឹទ្ធ១)។ រីឯក្លិបវ៉ូវីណាមតាឡីឈរលេខ៤ ដណ្ដើមបានមេដាយ ៤គ្រឿង (មាស១ និងសំរឹទ្ធ៣)។ ក្លិបក្រសួងមហាផ្ទៃឈរលេខ៥ ដណ្ដើមបានមេដាយមាស១។ រីឯក្លិបខេត្តប៉ៃលិន, ក្លិបសែនសុខ, ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ស្ពឺក៏ដណ្ដើមបានមេដាយប្រាក់ និងមេដាយសំរឹទ្ធមួយចំនួនផងដែរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលលើកមករៀបចំនៅឆ្នាំនេះគឺធ្វើការប្រកួតរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅទីលាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៨៦នាក់មកពី ៩សមាគម/ក្លិប និងក្រសួង ក្នុងនោះមានកីឡាករ ៣៤នាក់ និងកីឡាការិនី ២៤នាក់ដែលធ្វើការប្រកួតលើវិញ្ញាសាចំនួន ១៧វិញ្ញាសា៕
អត្ថបទ៖ លី ឈុនឡា