ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមកាលពីថ្ងៃសុក្រថា នឹងដាក់ការដំឡើងពន្ធបន្ថែមទៀតលើសហភាពអឺរ៉ុប(EU) ភ្លាមៗបន្ទាប់ពីប្លុកនេះបានពិន័យជាប្រាក់២,៩៥ពាន់លានអឺរ៉ូ ឬ ៣,៤៧ពាន់លានដុល្លារនៅលើក្រុមហ៊ុន Google សម្រាប់ការរំលោភលើច្បាប់ប្រឆាំងការផ្តាច់មុខ។

បន្ទាប់ពីសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប លោក Trump បាននិយាយនៅលើវេទិកាសង្គម Truth Social របស់លោកថា «ថ្ងៃនេះអឺរ៉ុបបានវាយប្រហារ»លើក្រុមហ៊ុនអាមេរិកដ៏អស្ចារ្យមួយទៀតគឺក្រុមហ៊ុន Google ដោយការផាកពិន័យចំនួន៣,៥ពាន់លានដុល្លារ ។
លោក Trump បាននិយាយបន្ថែមថា «ដូចដែលខ្ញុំបាននិយាយកាលពីពីមុន រដ្ឋបាលរបស់ខ្ញុំនឹងមិនអនុញ្ញាតឱ្យមានសកម្មភាពរើសអើងទាំងនេះទេ ខ្ញុំត្រូវបានគេបង្ខំឱ្យចាប់ផ្តើមដំណើរការផ្នែកទី៣០១ ដើម្បីទុកជាមោឃៈនូវការពិន័យមិនយុត្តិធម៌ដែលត្រូវបានចោទប្រកាន់ចំពោះក្រុមហ៊ុនអាមេរិកដែលបង់ពន្ធទាំងនេះ»។
