ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកសិក្ខាសាលា ថ្នាក់តំបន់ ស្តីពី “ការអនុវត្តអនុសាសន៍នៃសន្និសីទថ្នាក់តំបន់លើកទី១ នៃវិធានការនិងការការពារសកម្មភាព ទន្រ្ទាន ទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់”។
អង្គសិក្ខាសាលាថ្ងៃនេះ មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២២ គឺទទួលបានការចូលរួមចែករំលែកបទបង្ហាញពីអ្នកជំនាញជាតិ និងអន្តរជាតិចំនួន១៥នាក់ និងមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណ១៤០នាក់ ដែលបានអញ្ជើញមកពីក្រសួង/ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទូទាំងរាជធានី-ខេត្ត ពិសេសបានចូលរួមផ្តល់នូវមតិយោបល់ ក៏ដូចជាការលើកឡើងបង្ហាញ ពីបញ្ហាប្រឈមនានាពាក់ព័ន្ធ នឹងទីទួលបុរាណ ស្ថានីយបុរាណ និងវត្ថុបុរាណ ដែលជាកេរ្តិ៍ដំណែលបន្សល់ទុកដោយបុព្វបុរស ហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានកំពុងប្រឈម នឹងការបាត់បង់ជាបន្តបន្ទាប់ ដោយសារកត្តាមនុស្ស តាមរយៈសកម្មភាពផ្សេងៗ ដូចជាការជួញដូរ ចរាចរ បំផ្លិច បំផ្លាញ ឈូសឆាយ និងការជីក រុករក វត្ថុបុរាណដោយខុសច្បាប់។
សិក្ខាសាលាថ្នាក់តំបន់នេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីលើកឡើងនូវមតិយោបល់មកពិភាក្សាពីការការពារដោយបើកចំហ នៃបេតិកភណ្ឌវប្បធម៌ ដ៏មានតម្លៃរបស់យើង ទាំងត្រូវបានគេស្គាល់ និងមិនទាន់ត្រូវបានរកឃើញ។
យើងកំពុងប្រមូលផ្តុំគ្នាក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការអ្នកជំនាញពីគ្រប់ស្ថាប័នពាក់ព័ន្ធដែលមានជា ប្រធានបទ និងអនុសាសន៍ផ្សេងៗ ដើម្បីជាប្រយោជន៍ក្នុងការការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិរបស់យើងទាំងអស់គ្នា ក៏ដូចជាដើម្បីប្រមូលចងក្រងពីបញ្ហាប្រឈម និងដំណោះស្រាយនានាសម្រាប់ជាមាគ៌ាមួយឆ្ពោះទៅកាន់សិក្ខាសាលា ឬសន្និសីទផ្សេងៗទៀតនាពេលអនាគត ពិសេសជាមួយប្រទេសអាស៊ាន និងពិភពលោក៕






