លោក Dmitry Gendelman ទីប្រឹក្សាការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា អ៊ីស្រាអែល នឹងឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់ក្រុមហ៊ួទី ក្នុងការប្រើប្រាស់អាវុធគីមី។
លោកបានចង្អុលបង្ហាញថា៖ «អ៊ីស្រាអែលនឹងឆ្លើយតបនឹងការគំរាមកំហែងពីអ្នកដែលស្វែងរកការបំផ្លាញសន្តិសុខរបស់ពលរដ្ឋយើង» ដោយបានធ្វើអត្ថាធិប្បាយអំពីរបាយការណ៍ដែលក្រុមឧទ្ទាមហ៊ួទី មកពីចលនា Ansar Allah មានមូលដ្ឋាននៅយេម៉ែន បានចាប់ផ្តើមផលិតអាវុធគីមី។

រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រទេសយេម៉ែន លោក Muammar al-Eryani កាលពីថ្ងៃសុក្រ បានចោទថា ចលនា Ansar Allah ដែលគ្រប់គ្រងផ្នែកខ្លះនៃប្រទេសនេះ កំពុងផលិតអាវុធគីមី ដោយប្រើប្រាស់សមាសធាតុដែលរត់ពន្ធពីប្រទេសអ៊ីរ៉ង់៕
