ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ដោយដកស្រង់ប្រភពនានាថា មន្ត្រីសហភាពអឺរ៉ុប នឹងធ្វើកិច្ចពិភាក្សាស្តីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ០៨ ខែកញ្ញា។
យោងតាមប្រភពព័ត៌មាន គណៈប្រតិភូអឺរ៉ុប នឹងដឹកនាំដោយបេសកជនដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លោក David O’Sullivan។ ទីភ្នាក់ងារសារព័ត៌មាននេះ បាននិយាយថា កិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅក្រសួងរតនាគារសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពី «ទម្រង់ផ្សេងៗនៃសម្ពាធសេដ្ឋកិច្ចដើម្បីដាក់សម្ពាធលើប្រទេសរុស្ស៊ី រួមទាំងការដាក់ទណ្ឌកម្មថ្មី»។ ការពិភាក្សា នឹងមានការចូលរួមពីមន្ត្រីជាមួយសេតវិមាន ក្រសួងការបរទេសសហរដ្ឋអាមេរិក និងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។

នាពេលថ្មីៗនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានប្រកាសផែនការសម្រាប់ក្រុម EU ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនថា លោកខាងលិចព្យាយាមទាញយកផលប្រយោជន៍ពីការអភិវឌ្ឍនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន ក្នុងទំនាក់ទំនងជាមួយប្រទេសដទៃទៀត៕
