មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា កូរ៉េខាងជើងនឹងគាំទ្រយ៉ាងពេញទំហឹង ដល់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
យោងតាមក្រសួងការពារជាតិរុស្ស៊ី មន្ត្រីការពារជាតិជាន់ខ្ពស់ លោក Andrey Belousov បានចូលរួមក្នុងពិធីទទួលជាផ្លូវការ ក្នុងឱកាសខួបលើកទី ៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី ៩ ខែកញ្ញា។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងនៅស្ថានទូតរបស់ប្រទេសក្នុងទីក្រុងមូស្គូ។

ក្រសួងបញ្ជាក់ថា ការលើកឡើងរបស់លោក គីម ជុងអ៊ុន ត្រូវបានពាំនាំនិងបញ្ជូនដោយឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុងមូស្គូ លោក Sin Hong Chol។ «យើងនឹងគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋាភិបាល និងកងទ័ព រុស្ស៊ី ក្នុងការតស៊ូ ដើម្បីការពារអធិបតេយ្យភាពរដ្ឋ បូរណភាពទឹកដី និងផលប្រយោជន៍សន្តិសុខ។ យើងក៏ចាត់ទុកការគាំទ្រនេះ ជាកាតព្វកិច្ចរបស់យើងចំពោះបងប្អូនរបស់យើង។ យើងនឹងរក្សាភាពស្មោះត្រង់ចំពោះសន្ធិសញ្ញារវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងសហព័ន្ធរុស្ស៊ី»៕
