យោធាអ៊ីស្រាអែល បានបំផ្លាញប្លុកអគារខ្ពស់នៅទីក្រុងហ្កាហ្សា គឺជាប៉មអគារសំខាន់ទី ២ ដែលពួកគេមានគោលដៅវាយប្រហារ ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ។
រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានបង្ហោះរូបភាពវីដេអូនៃអគារបាក់រលំនៅលើបណ្តាញព័ត៌មានសង្គម X ដោយដាក់ចំណងជើងថា “ពួកយើងនឹងបន្ត” ។
កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF) ដែលបានពង្រីកប្រតិបត្តិការសឹករបស់ពួកគេ និយាយថា ប៉មអគារ Sussi ត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស គឺជាអំណះអំណាងមួយដែលក្រុមជីវពលមួយនេះ ធ្វើការច្រានចោល ។

គេនៅពុំទាន់ដឹងច្បាស់នោះទេថាតើ មាននូវគ្រោះថ្នាក់ដែរឬទេ ។ មុនការវាយប្រហារកាលពីថ្ងៃសៅរ៍ អ៊ីស្រាអែលបានទម្លាក់ខិត្តប័ណ្ណ ធ្វើការអំពាវនាវម្តងហើយម្តងទៀត ឲ្យជនប៉ាឡេស្ទីនជម្លៀសខ្លួនទៅកាន់តំបន់មនុស្សធម៌ស្ថិតនៅភាគខាងត្បូងហ្កាហ្សា ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម លោក Avichay Adraee គឺជាអ្នកនាំពាក្យកងកម្លាំង IDF បាននិយាយជាភាសាអារ៉ាប់ ដោយជំរុញឲ្យអ្នកស្រុកចូលរួមជាមួយពលរដ្ឋដែលបានធ្វើដំណើរួចទៅហើយទៅកាន់តំបន់ al-Mawasi គឺជាតំបន់ស្ថិតនៅចន្លោះទីក្រុង Khan Younis និងតំបន់ឆ្នេរ ។
កងកម្លាំង IDF បានជំរុញម្តងហើយម្តងទៀតឲ្យជនស៊ីវិលផ្លាស់ទីលំនៅទៅកាន់ទីនោះ ដោយពួកគេនិយាយថា ការថែទាំសុខភាព និងទឹកស្អាត នឹងត្រូវផ្តល់ជូន ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ(UN) បាននិយាយថា ជំរំសំពត់តង់នៅតំបន់ al-Mawasi មានជនភៀសខ្លួនច្រើនលើសលប់រួចទៅហើយៗ វាគ្មានសុវត្ថិភាពនោះទេ ស្របពេលដែលមន្ទីរពេទ្យនៅតំបន់ភាគខាងត្បូង ក៏មានអ្នកជំងឺច្រើនលើសចំណុះផងដែរ ។
ខណៈពេលនោះដែរ ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា យោធាអ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោច ៦៧នាក់នៅថ្ងៃនេះ ដែលភាគច្រើននៃមនុស្សស្លាប់ នៅទីក្រុងហ្កាហ្សា ៕
