ពលរដ្ឋវេណេស៊ុយអេឡា ពុំសប្បាយចិត្តនោះទេចំពោះសកម្មភាពយោធាសហរដ្ឋអាមេរិក ស្របពេលភាពតានតឹងកើនឡើងរវាងវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិក ។
ប្រជាពលរដ្ឋបានបង្ហាញក្តីបារម្ភពីលទ្ធភាពនៃការធ្វើអន្តរាគមន៍ផ្នែកយោធា ពួកគេបានគូសបញ្ជាក់ពីក្តីកង្វល់ជម្លោះ ហើយនិងភាពមិនប្រាកដប្រជា ក្នុងប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ។
លោក Sergio Hoguera គឺជាមន្រ្តីរដ្ឋការចូលនិវិត្តន៍មួយរូប និយាយពីលទ្ធភាពដ៏មានសក្តានុពលនៃសកម្មភាពយោធាសហរដ្ឋអាមេរិកថា ពលរដ្ឋពុំដឹងនោះទេថាតើ ពួកគេភ្ញាក់ឡើងថ្ងៃស្អែករស់ឬយ៉ាងណានោះទេ ដោយសារលទ្ធភាពនៃការទម្លាក់គ្រាប់បែក ។

លោកបន្តថា លោកហ៊ាននិយាយថា វាជាការគ្មានទំនួលខុសត្រូវ ពីព្រោះថាពលរដ្ឋចង់បានសន្តិភាព ។ ពួកយើងគឺជាពលរដ្ឋវេណេស៊ុយអេឡា ដែលមិនចង់បានបញ្ហាបែបនេះនោះទេ ។
សេចក្តីអត្ថាធិប្បាយរបស់លោក ឆ្លុះបញ្ចាំងពីការព្រួយបារម្ភទូទៅ បន្ទាប់ពីសហរដ្ឋអាមេរិក បញ្ជាឲ្យបញ្ជូនយន្តហោះចម្បាំងកំបាំងកាយ ១០គ្រឿងបន្ថែមទៀត ទៅកាន់ទីតាំងដំឡើងយោធានៅតំបន់ការ៉ាអ៊ីប ។
ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បានអះអាងនៅក្នុងសប្តាហ៍នេះថា សហរដ្ឋអាមេរិក ព្យាយាមផ្លាស់ប្តូររបបតាមរយៈការគំរាមកំហែងយោធា ដែលសេចក្តីថ្លែងការណ៍បែបនេះ ត្រូវបានច្រានចោលដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្រ ។
លោក Trump បានបញ្ជាក់ពីវិធីសាស្រ្តថ្មីរបស់លោក ក្នុងការប្រយុទ្ធប្រឆាំងសង្រ្គាមគ្រឿងញៀន ជាមួយនឹងការវាយប្រហារកាលពីថ្ងៃអង្គាររបស់យោធាសហរដ្ឋអាមេរិក សម្លាប់មនុស្ស ១១នាក់ និងពន្លិចទូកមួយគ្រឿងមកពីវេណេស៊ុយអេឡា ដែលលោកនិយាយថា បានដឹកជញ្ជូនសារធាតុញៀនខុសច្បាប់ ៕
