បាល់ទាត់៖ អតីតខ្សែប្រយុទ្ធ Manchester City, Mario Balotelli ត្រូវបានកោះហៅចូលក្រុមជំរើសជាតិអ៊ីតាលីជាលើកដំបូងតាំងពីឆ្នាំ ២០១៨ ខណៈក្រុមជើងឯកអឺរ៉ុបអ៊ីតាលីត្រៀមការប្រកួត Play-Off វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមកៅអី World Cup ២០២២ កាតា។

កីឡាករវ័យ ៣១ឆ្នាំអតីតខ្សែប្រយុទ្ធ Liverpool រូបនេះមិនបានលេងឱ្យក្រុមជំរើសជាតិតាំងពីខែកញ្ញាឆ្នាំ២០១៨។ Mario Balotelli នៅពេលនេះស្ថិតក្នុងបញ្ជីកីឡាករទាំង ៣៥នាក់ដែលត្រូវបោះជំរំហ្វឹកហាត់ ៣ថ្ងៃ។ បច្ចុប្បន្ន Mario Balotelli កំពុងប្រកបអាជីពនៅទឹកដីទួរគីក្លិប Adana Demirspor ស៊ុតបញ្ចូលទីបាន ៨គ្រាប់ ហើយក្នុងការបង្ហាញខ្លួន ១៨ប្រកួតក្នុងលីគ។ Balotelli ធ្លាប់បង្ហាញខ្លួនសរុបឱ្យក្រុមជំរើសជាតិអ៊ីតាលី ៣៦លើករកបាន ១៤គ្រាប់តែតាំងពី World Cup ២០១៤ មកបង្ហាញខ្លួនបានតែ ៣លើកប៉ុណ្ណោះ។ រំលឹកថា Balotelli ធ្លាប់ធ្វើការជាមួយគ្រូបង្វឹកអ៊ីតាលីបច្ចុប្បន្ន Roberto Mancini នៅពេលលោកដឹកនាំ Manchester City និង Inter Milan។ អ៊ីតាលីនឹងត្រូវជួបជាមួយម៉ាសេដ្វាន់ខាងជើងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Play-Off World Cup នៅថ្ងៃទី២៤ ខែមិនា៕
អត្ថបទ៖នាង សុភាវុធ