ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជំរុញឲ្យក្រុមមេដឹកនាំឧស្សាហកម្មអវកាសបន្តកិច្ចខិតខំអភិវឌ្ឍម៉ាស៊ីនជំរុញរបស់យានចម្លង សម្រាប់ការបាញ់បង្ហោះយានអវកាស និងពង្រឹងកេរ្តិ៍ឈ្មោះយូរអង្វែងរបស់រុស្ស៊ី ក្នុងនាមជាប្រទេសឈានមុខគេក្នុងបច្ចេកវិទ្យាអវកាស ។
លោក Putin ដែលបានចំណាយរយៈពេល ១សប្តាហ៍កន្លងមកនេះ នៅប្រទេសចិន និងកំពង់ផែចុងបូព៌ា Vladivostok របស់រុស្ស៊ី បានធ្វើដំណើរទៅកាន់ទីក្រុងភាគខាងត្បូង Samara ជាទីដែលលោក បានជួបជាមួយក្រុមអ្នកជំនាញឧស្សាហកម្ម និងធ្វើដំណើរទៅកាន់រោងចក្រផលិតម៉ាស៊ីនយន្តហោះ Kuznetsov ។

លោក Putin និយាយថា វាសំខាន់ខ្លាំងណាស់ក្នុងការបន្តសមត្ថភាពផលិតកម្មជាប្រចាំ ក្នុងលក្ខខណ្ឌសម្រាប់ម៉ាស៊ីនជំរញរបស់យានចម្លង ។
លោកបន្តថា ក្នុងការធ្វើបែបនេះ ពួកយើងមិនត្រឹមតែឈានដល់តម្រូវការបច្ចុប្បន្ន និងអនាគតផ្ទាល់ខ្លួនរបស់ពួកយើងប៉ុណ្ណោះទេ ប៉ុន្តែត្រូវបោះជំហានយ៉ាងសកម្មនៅលើទីផ្សារពិភពលោកផងដែរ ហើយនិងក្លាយជាគូប្រជែងដ៏ជោគជ័យមួយ ។
លោក Putinបានកត់សំគាល់ជោគជ័យរបស់រុស្ស៊ី ក្នុងការអភិវឌ្ឍនវានុវត្តន៍នៃការផលិតម៉ាស៊ីន ជាពិសេសក្នុងវិស័យថាមពល បើទោះបីជារងទណ្ឌកម្មរបស់ប្រទេសលោកខាងលិចយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការវាយលុករបស់ទីក្រុងម៉ូស្គូលើប្រទេសអ៊ុយក្រែន ៕
