រយៈពេល ១សប្តាហ៍ ក្រោយការរញ្ជួយដីកម្រិត ៦រ៉ិចទ័រ វាយប្រហារតំបន់ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន មនុស្សជាង ២.២០០នាក់ បានស្លាប់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត គ្មានផ្ទះសម្បែងរស់នៅ ។
អ្នករស់រាននៅក្នុងភូមិដូចជាភូមិ Bambakot រស់នៅខាងក្រៅក្នុងសំពត់តង់ ពុំហ៊ានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរងការខូចខាតរបស់ពួកគេវិញនោះទេ ។
លោក Jabar Khan វ័យ ៤៣ឆ្នាំ ដែលជាម្ចាស់រោងជាងត្បាញកំរាលព្រំ ដែលវិស័យធុរកិច្ចរបស់លោកជួលស្រ្តីប្រហែល ២៥០នាក់ និយាយថា ការរញ្ជួយដី និងការភ័យខ្លាចពីរលករញ្ជួយ មាននូវផលប៉ះពាល់ខ្លាំងដល់គ្រួសារ និងការរស់នៅរបស់ពួកគេ ។

ដោយរលករញ្ជួយនៅតែបន្តកើតមាន អ្នករស់រានដូចជាលោក Khan និងក្រុមគ្រួសាររបស់ពួកគេ បន្តភ័យខ្លាច និងពិបាកស្វែងរកអាហារ ទីជម្រក និងការថែទាំសុខភាពមូលដ្ឋាន ។
មនុស្សជាច្រើនគ្រួសារ បាននាំគ្នាជម្លៀសខ្លួនទៅកាន់ទីដីទំនេរ និងជម្រកបណ្តោះអាសន្ន ដោយពឹងផ្អែកលើសំពត់តង់ និងជំនួយមានដែនកំណត់ ។
ខណៈពេលនោះដែរ ការផ្គត់ផ្គង់វេជ្ជសាស្រ្តផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងស្តុក រង់ចាំការអនុម័តរបស់ទីក្រុងវ៉ាស៊ីនតោន ។
សហរដ្ឋអាមេរិកដែលធ្លាប់ជាម្ចាស់ជំនួយធំបំផុតរបស់អាហ្វហ្គានីស្ថាន នៅមិនទាន់អនុញ្ញាតឲ្យមានជំនួយសង្រ្គោះបន្ទាន់នោះទេ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការកាត់បន្ថយជំនួយបរទេស ហើយនិងការបិទទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក ៕
