លោក Anutin Charnvirakul បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ជាផ្លូវការ ក្នុងថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នេះ បន្ទាប់ពីព្រះមហាក្សត្រថៃ បានប្រោសប្រទានរាជានុម័ត ដែលត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតថ្មីនៅដើមឆ្នាំក្រោយនេះ។
ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០២៣មក រដ្ឋាភិបាលថៃ ត្រូវបានផ្តាច់មុខដោយគណបក្សភឿថៃ នៃត្រកូលស៊ីណាវ៉ាត់ ប៉ុន្តែអ្នកកាន់តំណែងចុងក្រោយគេនៃត្រកូលនេះគឺអតីតនាយករដ្ឋមន្រ្តី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានបណ្តេញចេញកាលពីខែមុនដោយដីការបស់តុលាការ ហើយលោក Anutin បានប្រញាប់ប្រមូលផ្តុំរដ្ឋាភិបាលចម្រុះរបស់លោក ដោយឈ្នះការបោះឆ្នោតសភាកាលពីថ្ងៃសុក្រ ហើយរុញច្រានបក្សភឿថៃ ចេញពីតំណែង។

បន្ទាប់ពីពិធីស្បថចូលកាន់តំណែងរួចភ្លាមៗ លោក Anutin បាននិយាយថា "លោកនឹងធ្វើការឱ្យអស់ពីសមត្ថភាព ដោយស្មោះត្រង់ និងប្រកបដោយសីលធម៌ស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ"។
អាណត្តិរបស់លោកបានចាប់ផ្តើមជាផ្លូវការ បន្ទាប់ពីរាជសាររាជានុម័តរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ក្នុងពិធីផ្លូវការនៅទីស្នាក់ការបក្សភូមិចៃថៃ របស់លោក Anutin ក្នុងទីក្រុងបាងកក។ លោក Anutin ពីមុនធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីសុខាភិបាល ប៉ុន្តែប្រហែលជាមានភាពល្បីល្បាញបំផុតដោយសារតែការផ្ដល់ភាពស្របច្បាប់ឱ្យកញ្ឆា នៅឆ្នាំ២០២២ របស់ថៃ៕
