រុស្ស៊ី៖ រុស្ស៊ីបានបន្តបញ្ជូនរថយន្តយោធាទៅកាន់ប្រទេសបេឡារុស្ស សម្រាប់ការធ្វើសមយុទ្ធរួមគ្នាកាលពីថ្ងៃចន្ទ ខណៈភាពតានតឹងកើនឡើងរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅជិតព្រំដែនរួមរបស់ពួកគេ។ ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយវីដេអូថ្មីមួយកាលពីថ្ងៃចន្ទ ដែលបង្ហាញពីរថយន្តយោធាច្រើនគ្រឿងត្រូវបានបញ្ជូនទៅប្រទេសបេឡារុស្ស ពីចុងបូព៌ាប្រទេសរុស្ស៊ី។

នៅក្នុងសមយុទ្ធយោធារួមគ្នាជាមួយប្រទេសបេឡារុស្ស អង្គភាពយោធារុស្ស៊ីបានផ្លាស់ប្តូរទៅកាន់តំបន់ក្បែរព្រំដែនភាគខាងត្បូង របស់ប្រទេសបេឡារុស្សមានចម្ងាយប្រមាណ ៧៥គីឡូម៉ែត្រពីទីក្រុងគៀវប្រទេសអ៊ុយក្រែន ខណៈសមយុទ្ធនឹងធ្វើឡើងក្នុងខែកុម្ភៈ។ ទន្ទឹមនឹងនេះប្រទេសរុស្ស៊ីក៏កំពុងធ្វើសមយុទ្ធយោធានៅតំបន់ Voronezh ជាប់ព្រំដែនប្រទេសអ៊ុយក្រែន។ ជាមួយនឹងកងទ័ពរុស្ស៊ីប្រមាណ ១០ម៉ឺននាក់ដែលបានដាក់ពង្រាយនៅជិតប្រទេសអ៊ុយក្រែន មនុស្សជាច្រើនមានការភ័យខ្លាចថា ទីក្រុងម៉ូស្គូកំពុងរៀបចំការលុកលុយចូល ទោះបីជាប្រទេសរុស្ស៊ីបដិសេធក៏ដោយ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងព្យាយាមបង្ហាញរណសិរ្សរួបរួមមួយ ដើម្បីការពារការឈ្លានពាន ឬសម្របសម្រួលការឆ្លើយតបរឹងមាំ ប្រសិនបើពួកគេមិនអាចធ្វើបាន។
ទីក្រុងមូស្គូបានទាមទារឱ្យអង្គការណាតូសន្យាថា អ៊ុយក្រែនដែលជាអតីតសាធារណរដ្ឋសូវៀត នឹងមិនអនុញ្ញាតឱ្យចូលរួមជាមួយអង្គការនេះឡើយ ហើយចង់ឱ្យសម្ព័ន្ធមិត្តដកកងទ័ព និងឧបករណ៍យោធាចេញពីផ្នែកខ្លះនៃទ្វីបអឺរ៉ុបខាងកើត។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូបានច្រានចោលទាំងស្រុងនូវការទាមទារទាំងនេះ។ ប្រទេសរុស្សីប្រឈមមុខទៅនឹងផលវិបាកអន្តរជាតិដែលមានកម្រិតសម្រាប់ទង្វើទាំងនោះ ប៉ុន្តែប្រទេសលោកខាងលិចនិយាយថា ការលុកលុយថ្មីនឹងធ្វើឲ្យមានការឆ្លើយតបកាន់តែធ្ងន់ធ្ងរ៕
អត្ថបទ៖ ប៊ុនថន