យោធារបស់ប្រទេសចិន កាលពីថ្ងៃសៅរ៍ (៦ កញ្ញា) បាននិយាយថា កងកម្លាំងរបស់ខ្លួនបានតាមដាន និងព្រមាននាវាចម្បាំងកាណាដា និងអូស្ត្រាលី ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប ក្នុងសកម្មភាពមួយដែលទីក្រុងប៉េកាំង បានរិះគន់ខ្លាំងៗថាជាការបង្កហេតុ។
បញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា នាវាចម្បាំងកាណាដា ឈ្មោះ Ville de Quebec និងនាវាពិឃាតមីស៊ីលប្រើប្រព័ន្ធទូរបញ្ជារបស់អូស្ត្រាលី ឈ្មោះ Brisbane បានចូលរួមក្នុងសកម្មភាព "បង្កបញ្ហា និងការបង្កហេតុ"។ បញ្ជាការចិនបន្ថែមថា "សកម្មភាពរបស់នាវាកាណាដា និងអូស្ត្រាលីនេះ បានបញ្ជូនសញ្ញាខុស និងបង្កើនហានិភ័យសន្តិសុខ"។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន តែងតែនិយាយថា ផ្លូវទឹកយុទ្ធសាស្ត្រនៅច្រកសមុទ្រតៃវ៉ាន់នោះគឺជាផ្នែកមួយនៃដែនទឹករបស់ខ្លួន។
អ្នកនាំពាក្យមួយរូបបាននិយាយថា នាវាកាណាដា Ville de Quebec ត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃប្រតិបត្តិការ Horizon សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយបានអនុវត្តសេរីភាពនាវាចរណ៍។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិអូស្ត្រាលី និយាយនៅថ្ងៃអាទិត្យនេះថា នាវាពិឃាតរបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Brisbane បានបើកឆ្លងកាត់តាមទម្លាប់លើច្រកសមុទ្រតៃវ៉ាន់ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកញ្ញា "ស្របតាមច្បាប់អន្តរជាតិ"៕

