អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ (ទី៦ ខែកញ្ញា) បានជំរុញឱ្យប្រជាជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា ត្រូវតែជម្លៀសខ្លួនចេញទៅកាន់ភាគខាងត្បូង ខណៈយោធាបានបង្កើនការទម្លាក់គ្រាប់បែកកាន់តែខ្លាំងក្លាឡើងដាក់លើអគារខ្ពស់ៗ ក្នុងយុទ្ធនាការវាយរុញមួយដែលគំរាមកំហែងជម្លៀសប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ ដែលកំពុងជ្រកកោនក្នុងទីក្រុងធំបំផុតរបស់ដែនដីហ្កាហ្សាស្រ្ទីប។
កងកម្លាំងអ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកដ៏ធំមួយនៅជាយក្រុងភាគខាងជើង អស់ជាច្រើនសប្តាហ៍មកហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាឱ្យយោធាក្រសោបយកក្រុងនោះ។ លោក Netanyahu និយាយថា ទីក្រុងហ្កាហ្សា គឺជាបន្ទាយធំរបស់ក្រុមហាម៉ាស ហើយការដណ្តើមយកក្រុងនេះគឺជាភាពចាំបាច់ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធមួយនេះ។

ការវាយប្រហារទ្រង់ទ្រាយធំថ្មីគំរាមធ្វើឱ្យប្រជាជនប៉ាឡេស្ទីនរាប់សែននាក់បន្តភៀសខ្លួនក្រោមភាពចលាចល ខណៈការប្រយុទ្ធគ្នាជិតពីរឆ្នាំនៅតែគ្មានសញ្ញាបញ្ចប់។ មុនពេលសង្រ្គាម ប្រជាជនប្រហែល ១លាននាក់ ដែលជិតពាក់កណ្តាលនៃប្រជាជនហ្កាហ្សាទាំងមូល បានរស់នៅក្នុងទីក្រុងមួយនោះ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បានសរសេរនៅលើបណ្ដាញសង្គម X ថា អ្នកស្រុកគួរតែចាកចេញពីទីក្រុងហ្កាហ្សា ទៅកាន់តំបន់ឆ្នេរ Khan Younis ដែលបានកំណត់ជាតំបន់មនុស្សធម៌ នៅភាគខាងត្បូងដែនដីហ្កាហ្សា ដោយធានាដល់អ្នកភៀសខ្លួនថា ពួកគេអាចទទួលបានស្បៀងអាហារ ការថែទាំសុខភាព និងទីជម្រកនៅទីនោះ៕

