ផែនការកសាងឡើងវិញសម្រាប់តំបន់ហ្កាហ្សា ដែលហាក់ទទួលបានការគាំទ្រដោយអង្គការសហប្រជាជាតិ — រួមមានប្រព័ន្ធរដ្ឋាភិបាលបច្ចេកទេសរយៈពេល ១ឆ្នាំ កងកម្លាំងរក្សាស្ថេរភាពអន្តរជាតិ ការរំសាយអាវុធរបស់ពួកហាម៉ាស និងការបដិសេធការនិរទេសទ្រង់ទ្រាយធំរបស់ជនប៉ាឡេស្ទីន — កំពុងត្រូវបានពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីរារាំងមហាសន្និបាតអង្គការសហប្រជាជាតិ UNGA មិនឱ្យធ្លាក់ចូលទៅក្នុងភាពជូរចត់អំពីការទទួលស្គាល់បែបនិមិត្តរូបនៃរដ្ឋប៉ាឡេស្ទីន។
ពុំទាន់មានសេចក្ដីលម្អិតបន្ថែមពីផែនការដែលកំពុងពិភាក្សាគ្នានេះទេ។ កាលពីខែកក្កដា អេហ្ស៊ីបបានព្យាយាមបើកដំណើរការនូវផែនការមួយដែលបានអនុម័តដោយសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការអ៊ិស្លាមក្នុងខែមីនាឆ្នាំមុន ដើម្បីកសាងតំបន់ហ្កាហ្សាឡើងវិញ ដែលរំពឹងថានឹងមានរយៈពេល ៥ឆ្នាំ និងចំណាយអស់ប្រហែល ៥៣ពាន់លានដុល្លារ។

ភាពមិនប្រាកដប្រជានៅតែមាន ប៉ុន្តែអ្វីដែលគេស្ទើរតែប្រាកដចិត្តនោះគឺថា ចក្រភពអង់គ្លេស បារាំង កាណាដា បែលហ្ស៊ិក និងម៉ាល់តា អាចនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងសន្និសីទអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកញ្ញា ដែលនឹងធ្វើឡើងនៅខាងក្រៅមហាសន្និបាត ក្នុងសប្តាហ៍មួយដែលនឹងមើលឃើញមេដឹកនាំពិភពលោកថ្លែងសុន្ទរកថាសំខាន់ៗ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មិនបានបង្ហាញពីចក្ខុវិស័យពេញលេញសម្រាប់តំបន់ហ្កាហ្សាក្រោយសង្រ្គាមនោះទេ ប៉ុន្តែតែងនិយាយកាន់តែខ្លាំងឡើងពីវត្តមានអចិន្ត្រៃយ៍របស់អ៊ីស្រាអែល ក្នុងតំបន់ហ្កាហ្សា និងបំណងដាក់បញ្ចូលតំបន់ West Bank ជាឧបសម្ព័ន្ធ។
ផែនការការកសាងហ្កាហ្សាឡើងវិញ ដែលគាំទ្រដោយអង្គការសហប្រជាជាតិនេះ កំពុងត្រូវពិភាក្សាយ៉ាងលម្អិតជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ដែលបានព្រមានថា ការគំរាមរបស់អ៊ីស្រាអែល ក្នុងការដាក់បញ្ចូលតំបន់ West Bank គឺជាការឆ្លើយតបទៅវិញទៅមកដែលអាចព្យាករបានទាំងស្រុងចំពោះអឺរ៉ុប ដែលទទួលយកជំហាននៃការទទួលស្គាល់ប៉ាឡេស្ទីន៕

