នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រកាសនៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នេះថា លោកបានសម្រេចចិត្តលាលែងពីតំណែងរបស់លោកហើយ ដោយអាចនាំឱ្យមានភាពរអាក់រអួលនៃគោលនយោបាយរយៈពេលវែង ក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤ របស់ពិភពលោកមួយនេះ។
ក្នុងសន្និសីទសារព័ត៌មានមួយ លោក Ishiba វ័យ ៦៨ឆ្នាំ បានណែនាំឱ្យគណបក្សប្រជាធិបតេយ្យសេរីរបស់លោក - ដែលបានគ្រប់គ្រងប្រទេសជប៉ុន ស្ទើរតែទាំងអស់នៃសម័យក្រោយសង្គ្រាម - ឱ្យត្រៀមរៀបចំការប្រកួតប្រជែងរើសអ្នកដឹកនាំថ្មីជាបន្ទាន់ ដោយបន្ថែមថា លោកនឹងបន្តភារកិច្ចរបស់លោក រហូតដល់អ្នកស្នងតំណែងបន្ទាប់ត្រូវបានជ្រើសរើស៕