បាល់ទាត់៖ ក្លិបអេស្ប៉ាញ Sevilla បានដាក់សំណើខ្ចីខ្សែប្រយុទ្ធបារាំង Anthony Martial ពីក្លិបបិសាចក្រហម Manchester United សារជាថ្មីបន្ទាប់ពីសំណើខ្ចីកាលពីខែមុនត្រូវបានបដិសេធ។ ក្នុងសំណើខ្ចីលើកនេះ Sevilla គឺអ្នកផ្តល់ប្រាក់ឈ្នួលទាំងស្រុងរបស់ Martial ក្នុងរយៈពេលខ្ចីដល់ចប់រដូវកាលនេះ។
Anthony Martial បានស្នើសុំផ្ទេរចេញពីក្លិបផងដែរហើយក៏គ្មានអ្វីល្អជាងនេះដែរ ទោះជាអ្នកចាត់ការបណ្តោះអាសន្នបច្ចុប្បន្នលោក Ralf Rangnick ដាក់ឱ្យចូលលេងលើកដំបូងជាកីឡាករបម្រុងពេលយកឈ្នះ West Ham កាលពីថ្ងៃសៅរ៍។ Anthony Martial បង្ហាញខ្លួនបាន ១១ប្រកួតឱ្យ Manchester United រដូវកាលនេះរកបាន ១គ្រាប់គត់ពេលឈ្នះ Everton តាំងពីថ្ងៃទី២ ខែតុលា។
រំលឹកថា Anthony Martial បានមកកាន់ Manchester United កាលពីឆ្នាំ២០១៥ ពីក្លិបបារាំង AS Monaco ក្នុងតម្លៃ ៣៦លានផោនដែលនៅពេលនោះគេគឺកីឡាករវ័យក្មេងដែលមានតម្លៃផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។ Martial បានស៊ុតបញ្ចូលទីសរុប ៧៩គ្រាប់ក្នុងការបង្ហាញខ្លួន ២៦៨ប្រកួតឱ្យ Manchester United ក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ មុនពេលដែលកៅអី ១១នាក់ដំបូងបាត់បង់នៅពេលការមកដល់របស់ Cristiano Ronaldo, Edinson Cavani និង Jadon Sancho៕
អត្ថបទ៖នាង សុភាវុធ