ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ (៧ កញ្ញា) ថា មេដឹកនាំអឺរ៉ុបនឹងធ្វើទស្សនកិច្ចទៅសហរដ្ឋអាមេរិក ជាលក្ខណៈបុគ្គល នៅក្នុងសប្តាហ៍នេះ អាចជាថ្ងៃចន្ទ ទី៨ ខែកញ្ញា នេះ ឬជាថ្ងៃអង្គារស្អែក ដើម្បីពិភាក្សាអំពីមធ្យោបាយដោះស្រាយសង្រ្គាមដ៏បង្ហូរឈាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីត្រឡប់មកពីទីក្រុងញូវយ៉កវិញ លោក Trump ក៏បាននិយាយផងដែរថា លោកនឹងសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងពេលឆាប់ៗ។

លោក Trump បានលើកឡើងថា "មេដឹកនាំអឺរ៉ុបមួយចំនួននឹងទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ឬក៏ថ្ងៃអង្គារ ជាលក្ខណៈបុគ្គល" ។ គេមិនទាន់ច្បាស់ទេថា តើលោក Trump សំដៅទៅលើមេដឹកនាំរូបណា ហើយសេតវិមានក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំព័ត៌មានលម្អិតនោះឡើយ។

លោក Trump បានបន្ថែមថា លោកមិនសប្បាយចិត្តទេ ចំពោះស្ថានភាពនៃសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីត្រូវអ្នកសារព័ត៌មានសាកសួរពីការវាយលុកផ្លូវអាកាសដ៏ធំរបស់រុស្ស៊ីពេញមួយយប់កាលពីថ្ងៃអាទិត្យ ដែលមន្ត្រីអ៊ុយក្រែននិយាយថា បានដុតបំផ្លាញអគាររដ្ឋាភិបាលសំខាន់នៅទីក្រុងគីវ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះជាថ្មីម្តងទៀត បានបង្ហាញទំនុកចិត្តថា សង្រ្គាមដ៏បង្ហូរឈាមអស់ជាង ៣ឆ្នាំនេះ នឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗ៕