ប្រធានទីភ្នាក់ជំនួយរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃអាទិត្យ (៧ កញ្ញា) ថា មាន "ឱកាសតូចចង្អៀតណាស់" ដើម្បីទប់ស្កាត់គ្រោះទុរ្ភិក្សមិនឱ្យរីករាលដាលបន្ថែមទៀតក្នុងតំបន់ហ្កាហ្សា ដោយអំពាវនាវឱ្យអ៊ីស្រាអែល អនុញ្ញាតផ្តល់ជំនួយដោយគ្មានឧបសគ្គក្នុងទឹកដីហ្កាហ្សាស្រ្ទីប ជាទីដែលការទម្លាក់គ្រាប់បែកនៅតែបន្តឥតឈប់ឈរ ខណៈយោធាអ៊ីស្រាអែលកំពុងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។

អង្គភាពឃ្លាំមើលភាពអត់ឃ្លានសកលបានប្រកាសថា ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់កំពុងជួបប្រទះ ឬប្រឈមគ្រោះទុរ្ភិក្សក្នុងតំបន់នានា រួមទាំងទីក្រុងហ្កាហ្សា ដែលជាមជ្ឈមណ្ឌលទីក្រុងដ៏ធំបំផុតរបស់ដែនដីហ៊ុមព័ទ្ធនេះ ជាទីដែលអ៊ីស្រាអែលបើកការវាយលុកថ្មីប្រឆាំងនឹងក្រុមហាម៉ាស។

អ៊ីស្រាអែល អះអាងថា ខ្លួនកំពុងប្រឹងប្រែងហើយ ដើម្បីអនុញ្ញាតឱ្យជំនួយចូល និងចែកចាយនៅហ្កាហ្សា ដើម្បីរារាំងកង្វះស្បៀងអាហារ ប៉ុន្តែទីភ្នាក់ងារអន្តរជាតិនិយាយថាមិនទាន់គ្រប់គ្រាន់ទេ។
លោក Tom Fletcher ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ បាននិយាយថា "ឱកាសតូចចង្អៀតណាស់ ហើយពេលវេលាកាន់តែខើចខ្លី - រហូតដល់ចុងខែកញ្ញា - ដើម្បីទប់ស្កាត់ទុរ្ភិក្សមិនឱ្យរាលដាលដល់ក្រុង Deir al Balah នៅភាគកណ្តាលហ្កាហ្សា និងក្រុង Khan Younis ភាគខាងត្បូងហ្កាហ្សា។

ទន្ទឹមនឹងវិបត្តិស្បៀងអាហារដ៏អាក្រក់នេះ មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា ការវាយប្រហារកាន់តែខ្លាំងក្លាឡើងរបស់អ៊ីស្រាអែល បន្តសម្លាប់មនុស្សជាច្រើននាក់នៅទូទាំងតំបន់ រួមទាំងការវាយប្រហារលើសាលារៀនមួយកន្លែងនៅភាគខាងត្បូងក្រុងហ្កាហ្សា ដែលផ្តល់ជម្រកដល់ជនភៀសខ្លួនប៉ាឡេស្ទីន។ យោធាអ៊ីស្រាអែលអះអាងថា ខ្លួនបានវាយប្រហារក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយថា ជនស៊ីវិលត្រូវបានព្រមាន មុនពេលការវាយប្រហារត្រូវធ្វើឡើង៕