យន្តហោះឯកជនរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលបានចាកចេញពីទីក្រុងឌុយបៃ បានទៅដល់ប្រទេសសិង្ហបុរីនៅព្រឹកមិញនេះ តែពុំបានទៅកាន់ទីក្រុងបាងកកទេ។

អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានប្រាប់សារព័ត៌មាន Thai Enquirer ថា រូបលោកគ្រាន់តែចុះនៅសិង្ហបុរីដើម្បីពិនិត្យសុខភាពប៉ុណ្ណោះ មុនហោះត្រឡប់ទៅកាន់ទីក្រុងបាងកកវិញនៅល្ងាចនេះតាមការគ្រោងទុក។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ នៅវេលាម៉ោង ១១៖៤៥នាទីយប់ ម៉ោង៨៖៤៥នាទីយប់ ម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ យន្តហោះ Bombardier Global 7500 របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានឃើញថាបានចាកចេញពីទីក្រុងឌុយបៃ។

ដើមឡើយគេរំពឹងថា លោកថាក់ស៊ីន នឹងធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញ ដើម្បីចូលស្ដាប់សាលក្រមរបស់តុលាការកំពូល សម្រាប់សំណុំរឿងបណ្តឹងរបស់លោកនៅថ្ងៃទី ៩ ខែកញ្ញាថ្ងៃស្អែកនេះទាក់ទងនឹងសំណុំរឿងដេកពេទ្យVIP ជាន់ទី១៤ របស់លោក។
គួររម្លឹកថា លោក ថាក់ស៊ីន បានចាកចេញពីប្រទេសថៃដោយស្ងៀមស្ងាត់ គ្មានការប្រកាសជាមុនកាលពីល្ងាចថ្ងៃទី ៤ ខែកញ្ញា ។នគរបាលអន្តោប្រវេសន៍នៅអាកាសយានដ្ឋានដនមឿង (Don Mueang) បានឃាត់ខ្លួនរូបលោកសម្រាប់ការផ្ទៀងផ្ទាត់ឯកសារមុនពេលអនុញ្ញាតឱ្យលោកចាកចេញរយៈពេល២ម៉ោង៕