ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ញើសារអបអរសាទរ ខួបលើកទី ២៥ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល»។
សម្ដេចធិបតី បានមានប្រសាសន៍ថា ប្រធានបទដ៏សំខាន់មួយនេះ សំដៅបង្កើនការយល់ដឹងកាន់តែទូលំទូលាយ ក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម និងការជំរុញគ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមគាំទ្រក្នុងការលើកកម្ពស់កម្មវិធី អក្ខរកម្មក្នុងយុគសម័យឌីជីថល និងការអភិវឌ្ឍសមត្ថភាព ជាពិសេសជនបាត់បង់ឱកាស ជនងាយរងគ្រោះ យុវជនក្រៅសាលា កម្មករ កម្មការិនីរោងចក្រ កុមារ និងយុវជនជាជនជាតិដើមភាគតិច ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល និងចូលរួមចំណែកដល់ការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ។
សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា បន្ថែមលើនេះ ប្រធានបទដ៏សំខាន់ខាងលើ ក៏ស្របទៅនឹងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ ពោល គឺកសាងបាននូវពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល៕

