ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានរិះគន់យ៉ាងខឹងសម្បារចំពោះការវាយប្រហារដ៏ធំបំផុតរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ (៧ កញ្ញា) ដែលបានប្រើយានដ្រូន ៨០៥គ្រឿង ទម្លាក់គ្រាប់បែកស្រោចពីលើដែនអាកាសអ៊ុយក្រែនយ៉ាងទូលំទូលាយ ដោយកំណត់គោលដៅលើអគាររដ្ឋាភិបាលទីក្រុងគីវ បំផ្លាញដំបូលអគារ និងជាន់ខាងលើនៃនិវេសនដ្ឋានរបស់គណៈរដ្ឋមន្ត្រីអ៊ុយក្រែន។

លោក Zelenskiy បានសររសេរបង្ហោះលើបណ្ដាញសង្គម X ថា មនុស្សយ៉ាងតិច ៤នាក់ ត្រូវបានសម្លាប់នៅទូទាំងអ៊ុយក្រែន ដោយសារតែការវាយប្រហាររបស់រុស្ស៊ី និងរាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈសេវាសង្គ្រោះបន្ទាន់នៅតែបន្តកិច្ចការជួយសង្រ្គោះ ក្រោយការវាយប្រហារតាមអាកាស "ដ៏ឃោរឃៅ" របស់រុស្ស៊ី។
ជាមួយគ្នានេះ លោក Zelenskiy ក៏បានអំពាវនាវឱ្យពិភពលោកជួយ "បង្ខំប្រមុខវិមានក្រឹមឡាំងឱ្យបញ្ឈប់ការកាប់សម្លាប់" និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រលាញ់ក្នុងការវាយប្រហារនេះ។ មេដឹកនាំពិភពលោកក៏បានចេញមុខរិះគន់យ៉ាងខឹងសម្បារចំពោះការវាយប្រហារនេះផងដែរ។
កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បាននិយាយថា រុស្ស៊ីបើកការវាយប្រហារ ៨២៣ដង លើអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ ប៉ុន្តែការវាយប្រហារ ៧៥១លើកក្នុងចំណោមនោះ ត្រូវបានទប់ស្កាត់។ កាលពីថ្ងៃអាទិត្យដដែលនេះ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា ខ្លួនបានប្រើប្រាស់ “អាវុធដែលមានភាពជាក់លាក់ខ្ពស់” និងយានដ្រូន ដើម្បីវាយប្រហារទីតាំងឃ្លាំងអាវុធ និងគ្រឿងដំឡើងយោធា រួមទាំងមូលដ្ឋានទ័ពអាកាសនៅភាគកណ្តាល ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន ទីតាំងឧស្សាហកម្ម ក៏ដូចជាកន្លែងដឹកជញ្ជូននៅជាយក្រុងគីវ៕


