សាលារៀន និងអាជីវកម្មជាច្រើនត្រូវបានបិទ ជើងហោះហើរត្រូវបានផ្អាក និងមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស ក្នុងប្រទេសចិនភាគខាងត្បូង ខណៈព្យុះត្រូពិក Tapah បានបោកបក់នៅថ្ងៃចន្ទនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ មជ្ឈមណ្ឌលសេដ្ឋកិច្ចនៃខេត្តក្វាងទុង នៅជិតទីក្រុងហុងកុង បានផ្អាកសេវាកម្មរថភ្លើង និងនាវាចម្លងមួយចំនួន ។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា តំបន់ទេសភាពរាប់សិបត្រូវបានបិទ ហើយមនុស្សប្រហែល ៦ម៉ឺននាក់ត្រូវបានជម្លៀសនៅទូទាំងតំបន់គិតត្រឹមរសៀលថ្ងៃអាទិត្យ។

សេវាឧតុនិយមខេត្តបាននិយាយថា ព្យុះទីហ្វុងទី១៦ ក្នុងឆ្នាំនេះ ត្រូវគេរំពឹងថានឹងបោកបក់នៅតាមបណ្តោយឆ្នេរសមុទ្ររវាងទីក្រុង Jiangmen និង Maoming ក្នុងខេត្ត ក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន ដោយបានបញ្ចេញភ្លៀងធ្លាក់យ៉ាងខ្លាំងទូទាំងតំបន់ដីសណ្តទន្លេ Pearl ភាគខាងត្បូង និងភាគខាងលិចខេត្ត Guangdong រហូតដល់ថ្ងៃអង្គារស្អែកនេះ។
ទីក្រុងនានារួមមាន Jiangmen, Maoming និង ជូហៃ (Zhuhai) បានបង្កើនការព្រមានអំពីព្យុះទីហ្វុង និងបានបិទសាលារៀន។ អាជ្ញាធរផ្លូវដែកបាននិយាយថា រថភ្លើងទាំងអស់នៅលើផ្លូវ Shenzhen-Zhanjiang និង Guangzhou-Maoming ត្រូវផ្អាកនៅថ្ងៃចន្ទនេះ ដោយសេវាកម្មរំពឹងថានឹងចាប់ផ្តើមឡើងវិញជាបណ្តើរៗនៅថ្ងៃអង្គារ។
ដោយសារតែការផ្អាកសេវាកម្មនាវាចម្លង Guangdong-Hainan សម្រាប់ការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ច្រកសមុទ្រ រថភ្លើងឆ្លងកាត់សមុទ្រទៅ និងមកពីខេត្តកោះ Hainan ក៏ត្រូវបានលុបចោល ឬប្តូរទិសដៅផងដែរ៕