នាយករដ្ឋមន្ត្រីទី៤ របស់បារាំង ក្នុងរយៈពេល ៣ឆ្នាំ គឺលោក François Bayrou ប្រឈមនឹងការបរាជ័យស្ទើរតែជាក់ច្បាស់ នៅក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដែលគ្រោងធ្វើឡើងនៅរសៀលថ្ងៃចន្ទ (៨ កញ្ញា) នេះ ដោយធ្វើឱ្យសេដ្ឋកិច្ចធំបំផុតទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូមួយនេះ ធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជាផ្នែកនយោបាយ។

ការដួលរលំរបស់រដ្ឋាភិបាលបារាំងអាចបង្កើនចលាចលកាន់តែជ្រៅ ក្នុងគ្រាដ៏សំខាន់មួយសម្រាប់អឺរ៉ុប ដែលកំពុងស្វះស្វែងរកការរួបរួមតតាំងនឹងសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយស្របពេលប្រទេសចិន បង្កើនអំណាចកាន់តែខ្លាំង និងភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ភាពចលាចលនេះក៏គំរាមកំហែងដល់សមត្ថភាពរបស់បារាំង ក្នុងការទប់បំណុល ជាមួយនឹងហានិភ័យនៃការបន្ទាបទំនុកចិត្តឥណទានបន្ថែមទៀតកំពុងកើតមាន។ លើសពីនេះ បារាំងក៏ប្រឈមសម្ពាធធ្ងន់ធ្ងរក្នុងការជួសជុលហិរញ្ញវត្ថុរបស់ខ្លួន ជាមួយនឹងឱនភាពកាលពីឆ្នាំមុនឡើងជិតទ្វេដងនៃដែនកំណត់ ៣% នៃទិន្នផលសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងបំណុលសាធារណៈនៅអត្រា ១១៣,៩% នៃ GDP។

ថ្វីបើមានការជជែកយ៉ាងជក់ចិត្ត និងការបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនកាលពីចុងសប្តាហ៍ក្ដី លោក Bayrou ហាក់បរាជ័យក្នុងការទទួលបានសំឡេងគាំទ្រភាគច្រើន។ មេដឹកនាំបក្សប្រឆាំងទូទាំងវិសាលគមនយោបាយបានបញ្ជាក់យ៉ាងច្បាស់ហើយថាពួកគេនឹងបោះឆ្នោតទម្លាក់លោក Bayrou។
ប្រសិនបើរដ្ឋាភិបាលរបស់លោក Bayrou ដួលរលំពិតមែន នោះប្រធានាធិបតីបារាំង លោក Emmanuel Macron ត្រូវស្វែងរកប្រធានរដ្ឋាភិបាលផ្សេងទៀតដែលមានសមត្ថភាពរុញកញ្ចប់ថវិកាជាតិដ៏ចម្រូងចម្រាសឱ្យឆ្លងសភាឱ្យបាន។ រហូតមកដល់ពេលនេះ លោក Macron បានច្រានចោលការរំលាយសភា ដូចដែលលោកធ្លាប់ធ្វើកាលពីឆ្នាំមុន៕