មន្ត្រីនៅការិយាល័យប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃអាទិត្យ ខណៈរដ្ឋបាល លោក Trump បានសន្យាថានឹងមានការឆ្មក់បង្ក្រាបបន្ថែមទៀតលើអាជីវកម្មថា ប្រទេសកូរ៉េខាងត្បូងកំពុងមានចំណាត់ការដឹកជញ្ជូនបុគ្គលិកក្រោយពីការឆ្មក់បង្ក្រាបនៅរោងចក្រផលិតរយន្ត Hyundai។ ការចរចាដើម្បីដោះលែងជនជាតិកូរ៉េខាងត្បូងប្រហែល៣០០នាក់ដែលត្រូវបានឃុំខ្លួនបានបញ្ចប់ហើយដំណើរការសម្រាប់ការដោះលែងពួកគេចេញពីកន្លែងឃុំឃាំងកំពុងធ្វើឡើង។

ការិយាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះមួយគ្រឿងនឹងត្រូវបញ្ចូនទៅដើម្បីនាំយកបុគ្គលិកូរ៉េខាងត្បូងត្រឡប់មកវិញ ភ្លាមៗនៅពេលដែលដំណើរការធ្វើឡើងដោយប្រទេសទាំងពីរបញ្ចប់។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានដកស្រង់សម្តីអគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Cho Ki-joong ដែលបាននិយាយថា បុគ្គលិកទាំងអស់ទំនងជានឹងអាចឡើងលើយន្តហោះនៅថ្ងៃពុធ។

អ្នកតំណាងក្រសួងសន្តិសុខមាតុភូមិពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ ខណៈសេតវិមាន បានប្តេជ្ញាពង្រីកការឆ្មក់បង្ក្រាបអន្តោប្រវេសន៍នៅតាមកន្លែងធ្វើការនានា។ ភ្នាក់ងារសហព័ន្ធអាមេរិកបានចាប់ខ្លួនបុគ្គលិកប្រហែល៤៧៥នាក់នៅរោងចក្រផលិតអាគុយរថយន្តរបស់ក្រុមហ៊ុន Hyundai ក្នុងទីក្រុង Ellabell រដ្ឋចចា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនេះក្នុងប្រតិបត្តិការអនុវត្តច្បាប់ក្នុងប្រវត្តិសាស្ត្រនៃប្រតិបត្តិការស៊ើបអង្កេតរបស់ក្រសួងសន្តិសុខមាតុភូមិ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើយុទ្ធនាការលើការធ្វើអន្តោប្រវេសន៍ជាសសរស្តម្ភនៃរដ្ឋបាលរបស់លោក ហើយមានចំណាត់ការជំរុញការនិរទេសនៅទូទាំងប្រទេសចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា។