កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានបង្ហាញពីការជំរុញរបស់អន្តរជាតិនាពេលថ្មីៗនេះ ក្នុងការទទួលស្គាល់ភាពជារដ្ឋរបស់ដែនដីប៉ាឡេស្ទីនថាជា «កំហុស» និងបានបានព្រមានថា វាអាចបង្កឱ្យមានការឆ្លើយតបជាឯកតោភាគីដែលពុំបានបញ្ជាក់ច្បាស់ បន្ទាប់ពីមានរបាយការណ៍ថាអ៊ីស្រាអែលមានផែនការដាក់បញ្ចូលឧបសម្ព័ន្ធផ្នែកមួយចំនួននៅតំបន់កាន់កាប់ West Bank។

ប្រទេសជាច្រើនរួមមានទាំងបារាំងនិងចក្រភពអង់គ្លេស បានសន្យាទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិនៅចុងខែនេះ។
ទំនាក់ទំនងរបស់អ៊ីស្រាអែលជាមួយប្រទេសបារាំង មានភាពតានតឹងជាពិសេសចាប់តាំងពីប្រធានាធិបតី លោក Emmanuel Macron បានប្រកាសផែនការរបស់ប្រទេសលោក និងបានធ្វើជាសហប្រធានសន្និសីទមួយកាលពីខែកក្កដាជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីអំពាវនាវឱ្យមានដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

អង់គ្លេសបាននិយាយថា ខ្លួននឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ប្រសិនបើអ៊ីស្រាអែលបរាជ័យក្នុងការព្រមព្រៀងចំពោះបទឈប់បាញ់នៅក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីនកាលពីខែតុលា ឆ្នាំ២០២៣។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បាននិយាយថា ការទទួលស្គាល់បែបនេះ «នឹងធ្វើឱ្យតំបន់មានអស្ថិរភាព» ហើយនឹងធ្វើឱ្យ «កាន់តែពិបាកទទួលបានសន្តិភាព»។
លោក Saar បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីប្រទេសដាណឺម៉ាក លោក Lars Lokke Rasmussen ដែលកំពុងធ្វើទស្សនកិច្ច ថា «វានឹងជំរុញឱ្យអ៊ីស្រាអែលមានការសម្រេចចិត្តជាឯកតោភាគី»។ លោកបាននិយាយបន្ថែមថា «រដ្ឋនានា ដូចជាប្រទេសបារាំង និងចក្រភពអង់គ្លេសដែលបានជំរុញដែលគេហៅថាការទទួលស្គាល់នោះ បានធ្វើឱ្យមានកំហុសឆ្គងយ៉ាងខ្លាំង»។