ហ្វូងបាតុកររាប់ម៉ឺននាក់នៅប្រទេសបែលហ្ស៊ិក ក្នុងឈុតសំលៀកបំពាក់ពណ៌ក្រហម បានប្រមូលផ្តុំគ្នានៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃអាទិត្យ (៧ កញ្ញា) ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល និងដើម្បីគូសបន្ទាត់ក្រហមជានិមិត្តរូប តំណាងឱ្យការប្រឆាំងយ៉ាងខ្លាំងក្លាទល់នឹងសង្រ្គាមដ៏បង្ហូរឈាមជិត ២ឆ្នាំ នៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប។

នគរបាលក្នុងតំបន់បានប៉ាន់ប្រមាណថា បាតុករប្រហែល ៧ម៉ឺននាក់ បានចូលរួមក្នុងការដង្ហែក្បួន ដែលហៅថា "បន្ទាត់ក្រហមសម្រាប់ហ្កាហ្សា" លើកទី២ នៅទីក្រុងប្រ៊ុចសែល ប៉ុន្តែអ្នករៀបចំការតវ៉ាបានប៉ាន់ប្រមាណថា មានមនុស្សដល់ទៅ ១១ម៉ឺននាក់ បានចូលរួមក្នុងការហែក្បួននោះ ឆ្លងកាត់រដ្ឋធានីបែលហ្ស៊ិក ដែលមានប្រវែង ៣,៥គីឡូម៉ែត្រ។

ក្រុមសិទ្ធិមនុស្ស និងទីភ្នាក់ងារជំនួយជាង ២០០ស្ថាប័ន រួមមាន អង្គការ Oxfam អង្គការគ្រូពេទ្យគ្មានព្រំដែន អង្គការលើកលែងទោសអន្តរជាតិ ក្រុមសកម្មជន Greenpeace អង្គការសង្រ្គោះកុមារ Save the Children និងជាច្រើនទៀត ក៏បានចូលរួម និងគូសបន្ទាត់ក្រហមប្រឆាំងនឹងសង្រ្គាមហ្កាហ្សា ដែលនៅតែបន្តឥតឈប់ឈរ និងបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនប្រឈមគ្រោះទុរ្ភិក្សដ៏មហន្តរាយ។

ការតវ៉ានេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបែលហ្ស៊ិកប្រកាសថា ខ្លួននឹងចូលរួមជាមួយចក្រភពអង់គ្លេស និងបារាំង ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមហាសន្និបាតអង្គការសហប្រជាជាតិ UNGA នៅចុងខែនេះ ហើយនឹងដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល ក្រោមលក្ខខណ្ឌជាក់លាក់មួយចំនួន៕