កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី គឺលោក Kim Aris បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា អតីតមេដឹកនាំមីយ៉ាន់ម៉ាដែលកំពុងជាប់ឃុំរូបនេះ កំពុងមានបញ្ហាបេះដូងកាន់តែអាក្រក់ឡើង ហើយត្រូវការការថែទាំសុខភាពជាបន្ទាន់ ក្នុងការអំពាវនាវឱ្យដោះលែងម្ដាយរបស់ខ្លួនចេញពីការឃុំឃាំង "ដ៏ឃោរឃៅ និងគំរាមកំហែងដល់អាយុជីវិត" ប៉ុន្តែរបបសឹកមីយ៉ាន់ម៉ា បានចេញមកបដិសេធភ្លាមៗចំពោះរឿងនេះ។

លោក Kim Aris បានប្រាប់សារព័ត៌មានរ៉យទ័រថា ម្តាយវ័យ ៨០ឆ្នាំរបស់លោក ដែលត្រូវយោធាឃុំឃាំងចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក បានស្នើសុំទៅជួបគ្រូពេទ្យឯកទេសជំងឺបេះដូងប្រហែលមួយខែមុន ប៉ុន្តែរហូតមកទល់ពេលនេះ លោកមិនអាចបញ្ជាក់បានឡើយថា តើសំណើរបស់ម្ដាយលោកនោះត្រូវបានអនុញ្ញាត ឬយ៉ាងណា។

ក្នុងបទសម្ភាសន៍តាមទូរសព្ទពីទីក្រុងឡុងដ្រ៍ លោក Kim Aris បានសម្ដែងការព្រួយបារម្ភថា "ប្រសិនបើគ្មានការពិនិត្យសុខភាពត្រឹមត្រូវ ... គេមិនអាចដឹងថាបេះដូងរបស់ម្ដាយលោកស្ថិតក្នុងស្ថានភាពបែបណាឡើយ ហើយក៏ពុំមានវិធីផ្ទៀងផ្ទាត់ដែរថាតើម្ដាយរបស់លោកកំពុងនៅមានជីវិត ឬក៏អត់នោះទេ"។
ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យយោធា លោក Zaw Min Tun បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីល្ងាចថ្ងៃសៅរ៍ថា សុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី គឺល្អណាស់ ហើយរបាយការណ៍ទាក់ទងនឹងរឿងនេះ មានបំណងបង្វែរចំណាប់អារម្មណ៍ពីដំណើរទស្សនកិច្ចរបស់ប្រមុខយោធា មីន អ៊ុងល៉ាំង ទៅកាន់ប្រទេសចិន៕